មេដឹកនាំក្រុមក្មេងទំនើង Haiti គំរាមសម្លាប់អ្នកផ្សព្វផ្សាយសាសនាអាមេរិកដែលត្រូវបានចាប់ជម្រិត
ប្រទេសហៃទី៖កាលពីថ្ងៃព្រហស្បតិ៍ បុរសជនជាតិហៃទីម្នាក់ដែលបានប្រកាសថា ខ្លួនជាមេដឹកនាំក្រុមក្មេងអន្ធពាលដែលបានចាប់ជំរិតក្រុមអ្នកផ្សព្វផ្សាយសាសនាអាមេរិក និងកាណាដា បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើគេហទំព័រ YouTube ថា លោកនឹងសម្លាប់ “ជនជាតិអាមេរិកទាំងនោះ” ប្រសិនបើលោកមិនទទួលបានអ្វីដែលលោកត្រូវការ ។នេះបើតាមសារព័ត៌មាន Reutersចេញផ្សាយនៅថ្ងៃទី២២ ខែ តុលា ឆ្នាំំ២០២១។
បុរសនៅក្នុងវីដេអូដែលស្លៀកពាក់ឈុតពណ៌ស្វាយត្រូវបានគេស្គាល់ថា ជាបុរសដែលរស់នៅក្នុងប្រទេសហៃទីដោយមានឈ្មោះក្រៅថាLamo Sanjou មេដឹកនាំក្រុមអន្ធពាលដែលមានឈ្មោះ៤០០ Mawozo ដែលក្រុមអាជ្ញាធរថា នៅពីក្រោយការចាប់ជំរិតក្រុមអ្នកផ្សព្វផ្សាយសាសនាកាលពីចុងសប្តាហ៍មុន។
ជនជាតិអាមេរិកចំនួន ១៦នាក់ និងជនជាតិកាណាដាម្នាក់ រួមទាំងកុមារប្រាំនាក់ កំពុងធ្វើដំណើរទស្សកិច្ចដែលរៀបចំដោយក្រុមជំនួយគ្រឹស្តសានាដែលមានមូលដ្ឋាននៅរដ្ឋ Ohio សហរដ្ឋអាមេរិក។ ប៉ុន្តែក្រុមអ្នកផ្សព្វផ្សាយសាសនាទាំងនោះមិនមានវត្តមាននៅក្នុងវីដេអូនោះទេ។សារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ដោយឯករាជ្យពីភាពត្រឹមត្រូវនៃវីដេអូ ឬពីពេលវេលាដែលវីដេអូត្រូវបានថតនោះទេ។
បុរសម្នាក់នៅក្នុងវីដេអូនោះបាននិយាយថា “ប្រសិនបើខ្ញុំមិនទទួលបានអ្វីដែលខ្ញុំត្រូវការទេ ខ្ញុំនឹងសម្លាប់ជនជាតិអាមេរិកទាំងនោះ ខ្ញុំនឹងយកកាំភ្លើងធំមួយដើមបាញ់ចំក្បាលពួកគេម្តងម្នាក់ៗ”។នៅសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហៃទីលោក Liszt Quitel បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមចាប់ជំរិតទាមទារប្រាក់មួយលានដុល្លារសហរដ្ឋអាមេរិកក្នុងមនុស្សម្នាក់ ជាថ្នូរនឹងការដោះលែងក្រុមអ្នកផ្សព្វផ្សាយសាសនានោះ ៕SP