មិនដឹងពេលណាចប់នោះទេ អ៊ីស្រាអែលថា ខ្លួននៅពុំទាន់កំណត់ពេលណាមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅ Gaza បានឡើយ
(អ៊ីស្រាអែល)៖ប្រទេសអ៊ីស្រាអែលនិយាយនៅថ្ងៃពុធម្សិលមិញថា ខ្លួនមិនទាន់កំណត់ពេលវេលាជាក់ច្បាស់ណាមួយក្នុងការបញ្ចប់នូវការប្រយុទ្ធគ្នាក្នុងតំបន់ Gaza របស់ប៉ាឡេស្ទីននោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោងរបស់ក្រុម Hamas កំពុងបន្តនៅឡើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយឡែកអាជ្ញាធរអ៊ីស្រាអែលវិញលើកឡើងថា មានមនុស្សប្រមាណ១២នាក់ក្នុងប្រទេសរបស់ខ្លួន ត្រូវបានសម្លាប់ដោយគ្រាប់រ៉ុក្កែតរបស់ក្រុម Hamas ដែលបានបាញ់ផ្លោងឆ្លងព្រំដែនទៅលើអ៊ីស្រាអែលនោះ។មន្ត្រីពេទ្យប៉ាឡេស្ទីនឯណោះវិញលើកឡើងថា រហូតមកដល់ពេលនេះ មានមនុស្សប្រមាណ ២១៩នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល១០ថ្ងៃកន្លងទៅនៃការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលបានបំផ្លាញផ្លូវថ្នល់ អគារជាច្រើនកន្លែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក៏ដូចជាធ្វើឲ្យស្ថានភាពមនុស្សធម៌ដែលកំពុងតែលំបាកស្រាប់ក្នុងតំបន់ Gaza កាន់តែធ្ងន់ធ្ងរថែមទៀត។
ដោយឡែក ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវនៅថ្ងៃពុធឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu «បន្ថយយ៉ាងខ្លាំងនូវភាពតានតឹង» បន្ទាប់ពីរយៈពេល១០ថ្ងៃនៃការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។
នេះជាការដាក់សម្ពាធសាធារណៈដ៏ខ្លាំងបំផុតរបស់លោក Biden មកទល់ពេលនេះ លើសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួន ដោយលោកប្រធានាធិបតីអាមេរិក បានស្នើសុំក្នុងការសន្ទនាតាមទូរស័ព្ទឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលឆ្ពោះទៅរក«មាគ៌ាទៅកាន់បទឈប់បាញ់មួយ»៕PP