ពលរដ្ឋដែលព្យាបាលកូវីដ១៩នៅតាមផ្ទះ អាចទាក់ទងទៅកាន់ទូសព្ទ1222 ដើម្បីទទួលបានការប្រឹក្សាផ្តល់យោបល់ លើកទឹកចិត្ត និងការអន្តរាគមន៍ទាន់ពេលវេលា
ភ្នំពេញ៖ លោកង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា ការផ្តល់ដំណឹងទៅអាជ្ញាធរ ឬទាក់ទងលេខ១២២២ ជាមធ្យោបាយដ៏ល្អសម្រាប់អ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬគ្មានរោគសញ្ញា ដើម្បីទទួលបានការប្រឹក្សាផ្តល់យោបល់ លើកទឹកចិត្ត និងការអន្តរាគមន៍ទាន់ពេលវេលា។លោកថ្លែងបែបនេះក្នុងសន្និសីទស្តីពីការរៀបចំនីតិវិធីផ្សព្វផ្សាយ និងការដាក់យន្តការព្យាបាលនៅតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ដែលគ្មានរោគសញ្ញា និងកម្រិតស្រាលនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
លោកបន្តថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការធ្វើតេស្តរកកូវីដ១៩ដោយខ្លួនឯង ក្នុងករណីសង្ស័យជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ ដូច្នេះប្រសិនបើ នៅពេលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ទោះបីជាគ្មានរោគសញ្ញាក៏ដោយ សូមកុំលាក់លៀម ត្រូវទាក់ទងទៅអាជ្ញាធរដើម្បីក្លាយជាអ្នកជំងឺដែលទទួលស្គាល់ដោយមន្ត្រីអាជ្ញាធរ សម្រាប់ការព្យាបាលនៅផ្ទះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ កម្រិតស្រាលចំនួន១០៣៣នាក់ហើយ ត្រូវបានដា ក់ឱ្យព្យាបាលនៅតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះមានអ្នកជំងឺប្រមាណ២៦៨នាក់ផងដែរ ដែលបានជាសះស្បើយ៕SP