បន្ទាប់ពីបានធ្វើរដ្ឋប្រហារនិងប្រកាសចូលកាន់អំណាចកាលពីថ្ងៃ០១កុម្ភៈ ពេលនេះយោធាមីយ៉ាន់ម៉ាដករដ្ឋមន្ដ្រីនិងអនុរដ្ឋមន្ដ្រី២៤រូបពីតំណែងជំនួសថ្មី១១រូប
មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាបានប្រកាសដកចេញរដ្ឋមន្ដ្រីនិងអនុរដ្ឋមន្ដ្រីចំនួន២៤រូប ហើយដាក់ចូលវិញ១១រូបឲ្យកាន់តំណែងក្នុងរដ្ឋបាលថ្មីកាន់កាប់ដោយយោធានេះ។ ការប្រកាសដូច្នេះធ្វើឡើងតាមរយៈការផ្សព្វផ្សាយតាមទូរទស្សន៍គ្រប់គ្រងដោយយោធា ដោយក្នុងនោះមានមន្ដ្រីទៅកាន់នៅផ្នែកហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន កិច្ចការបរទេស ការពារជាតិ មហាផ្ទៃនិងកិច្ចការព្រំដែនជាដើម។
នៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាលថ្មី លោកមេបញ្ជាការកងទ័ពមីន អ៊ុងលាង ដែលជាអ្នកកាន់ចង្កូតដឹកនាំមីយ៉ាន់ម៉ាបណ្ដោះអាសន្ន បានប្ដេជ្ញាអនុវត្ដប្រព័ន្ធប្រជាធិបតេយ្យពហុបក្ស ដែលមានការរីកចម្រើនប្រកបដោយវិន័យ។ លោកសន្យាផងដែរនឹងរៀបចំការបោះឆ្នោតដោយសេរីនិងយុត្ដិធម៌ ហើយប្រគល់អំណាចទៅគណបក្សដែលឈ្នះឆ្នោត ប៉ុន្ដែលោកមិនបានបញ្ជាក់ទេថានឹងមានការបោះឆ្នោតជាថ្មីនៅពេលណា។
ភាពខ្វែងគំនិតបង្កជាភាពតានតឹងបានផ្ទុះឡើងកាន់តែខ្លាំង រហូតកាលពីសប្ដាហ៍មុនយោធាប្រកាសនឹងចាត់វិធានការដោះស្រាយ។ ការប្រកាសរបស់យោធាបែបនេះបានបង្កជាក្ដីព្រួយបារម្ភ ព្រោះខ្លាចមានការធ្វើរដ្ឋប្រហារជាថ្មី។ នៅទីបំផុតអ្វីៗដែលបានគិតពិតជាកើតឡើងមែន គឺរដ្ឋប្រហារធ្វើឡើងទាល់តែបាន ហើយលោកស្រីអ៊ុងសាន ស៊ូជី លោកប្រធានាធិបតី រួមនឹងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀតត្រូវយោធាឃុំខ្លួន៕SP