វៀតណាម៖ ប្រទេសវៀតណាម នឹងផ្អាកជើងហោះហើរអន្តរជាតិចូលមករដ្ឋធានីហាណូយ របស់ខ្លួនចាប់ពីថ្ងៃអង្គារនេះទៅ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង។ សេចក្តីថ្លែងការណ៍បាននិយាយថា មជ្ឈមណ្ឌលពាណិជ្ជកម្មហូជីមិញរបស់ប្រទេសវៀតណាម ដែលបានចាប់ផ្តើមដាក់ចេញនូវវិធានការគម្លាតសង្គមរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទទៅ ក៏បានផ្អាកការហោះហើរទៅកាន់អាកាសយានដ្ឋាន Tan Son Nhat របស់ខ្លួនផងដែរ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក។
សូមបញ្ជាក់ថា ទីក្រុងហូជីមិញ និងទីក្រុងហាណូយ រួមទាំងតំបន់ឧស្សាហកម្មនៅជាតិក្រុង ត្រូវបានគេរកឃើញករណីវិជ្ជមានច្រើនបំផុត នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃចន្ទ អភិបាលរងក្រុងហូជីមិញ បានអះអាងថា អាជ្ញាធរនឹងផ្តោតការយកចិត្តទុកដាក់ ធ្វើតេស្តប្រមូលសំណាក នៅតាមតំបន់ដែលប្រឈមខ្លាំងបំផុត។ មនុស្សប្រមាណ៦៧ម៉ឺននាក់ នៅតាមតំបន់ទាំងនេះ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក។ មនុស្សប្រមាណ១លាននាក់ នៅក្រុងហូជីមិញ នឹងត្រូវគេធ្វើតេស្តយកសំណាក។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩កាលពីឆ្នាំមុន ការឆ្លងរោគនៅប្រទេសវៀតណាម បានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីចុងខែមេសាមក ដោយមានករណីសរុប ៧,២៣៦ករណី និងស្លាប់៤៧នាក់៕SP