កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល ពន្យល់អំពីការឃាត់ខ្លួន ៣០នាក់ ស្រី២០នាក់ ដើម្បីនាំយកមកធ្វើការ សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយពីប៉ះទង្គិចគ្នា កាលពីយប់ថ្ងៃទី ១២ កញ្ញា។

រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ថា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ មានក្រុមមនុស្សគ្នាប្រមាណ ១០០នាក់ បានមកប្រមូល ផ្តុំគ្នាប្រើអំពើហិង្សា និងធ្វើការជេរប្រមាថ ដោយបានដុតកៅស៊ូកង់និងសម្ភារៈផ្សេងៗ ប្រើដំបង គប់ដុំថ្ម បាញ់ ជំពាមកៅស៊ូ គប់ដបសាំង មកលើកងកម្លាំងមានសមត្ថកិច្ច ដែលកំពុងឈរជើងបំពេញការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង បណ្ដាលឱ្យកងកម្លាំងសមត្ថកិច្ចរងរបួសចំនួន ១៣នាក់។

រដ្ឋបាលបន្ថែមថា កងកម្លាំងបានបង្ខំចិត្តបំបែកក្រុមបាតុករ ដោយប្រើរថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី ការពារខ្លួន និងបំបែកក្រុមបាតុករ ព្រមទាំងបានឃាត់ខ្លួនសមាជិកក្រុមបាតុករចំនួន ៣០នាក់ យកមកធ្វើការសាកសួរ ។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់ បញ្ឈប់នូវរាល់ សកម្មភាពខុសច្បាប់ទាំងឡាយ ហើយ ងា កមកចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ