ក្រសួងទេសចរណ៍ណែនាំដល់ ម្ចាស់អាជីវកម្មត្រូវផ្អាកសកម្មភាពការលក់ដូរ ផ្សព្វផ្សាយ និងពិសាគ្រឿងស្រវឹងមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតឃុំ-សង្កាត់
(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍ចេញសារាចរណែនាំដោយបានបញ្ជាក់ថា ដើម្បីអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកម្ពុជាបានកំណត់រៀបចំធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយ ក្រសួងទេសចរ ណ៍ ណែនាំដូចខាងក្រោម៖
១៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិននៅទូទាំងរាជធានី-ខេត្តត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
២៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ដែលផ្តល់សេវាកម្មម្ហូបអាហារត្រូវផ្អាកសកម្មភាពការលក់ដូរ និងពិសាគ្រឿងស្រវឹងរយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
៣៖ ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា។
អាស្រ័យហេតុនេះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវអនុវត្តតាមសារាចរណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់៕