ក្រុមហ៊ុនAlibaba ខាតបង់តម្លៃទីផ្សារ២៦ពាន់លានដុល្លារ ក្រោយមានពាក្យចចាមអារ៉ាមអំពី "ការចាប់ខ្លួន" លោកJack Ma
(ចិន)៖ក្រោយមានពាក្យចចាមអារ៉ាមថាមានការចាប់ខ្លួនសហស្ថាបនិក ក្រុមហ៊ុនAlibabaបានធ្វើឱ្យទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ ១០% ដែលធ្វើឱ្យក្រុមហ៊ុននេះខាតបង់ទឹកប្រាក់រហូតដល់ទៅតម្លៃ 26 ពាន់លានដុល្លារ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Post
ភាពជ្រួលច្របល់ក្នុងទីផ្សារភាគហ៊ុននេះ បានកើតមានឡើង ក្រោយពីស្ថានីយទូរទស្សន៍រដ្ឋចិនCCTV បានផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែឧសភាថា ជនសង្ស័យម្នាក់មានត្រកូល Maត្រូវបានឃាត់ខ្លួន តាមការសង្ស័យពីបទបង្កអសន្តិសុខជាតិ កន្លែងដែលចាប់ខ្លួនបុរសរូបនោះ គឺស្ថិតនៅក្នុងទីក្រុងហាងចូវ (Hangzhou) ដែលជាក្រុមហ៊ុន Alibaba បោះមូលដ្ឋានការិយាល័យកណ្ដាល។
ដំណឹងនៃការចាប់ខ្លួន “បុរសដែលមាននាមត្រកូល Ma” បានធ្វើឲ្យទីផ្សារមានការភ្ញាក់ផ្អើល ខណៈអ្នកវិនិយោគបានចាប់ផ្តើមលក់ភាគហ៊ុន Alibabaចេញជាហេតុធ្វើឱ្យ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៩.៤% នៅក្នុងការជួញដូរដំបូងនៅហុងកុងកាលពីថ្ងៃអង្គារ នេះបើយោងតាម Bloomberg News ។
ទោះជាយ៉ាងណា អំឡុងពេលចលាចលនេះ លោក Hu Xijin អតីតអគ្គនិពន្ធនាយកកាសែតចិន Global Times បានប្រញាប់ចូលទៅបញ្ជាក់ លើបណ្ដាញទំនាក់ទំនងសង្គមចិន Weibo ថា សេចក្ដីរាយការណ៍ព័ត៌មាននោះ បានបង្កឱ្យមានការយល់ច្រឡំ ព្រោះជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ Ma Yun គឺមិនមែនកំពូលមហាសេដ្ឋី Jack Ma មេក្រុមហ៊ុន Alibaba នោះឡើយ។
ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់បន្ថែមទៀត កាសែតGlobal Times បានចុះផ្សាយថា ជនសង្ស័យរូបនោះកើតក្នុងឆ្នាំ១៩៨៥ នៅក្រុងវិនចូវ (Wenzhou) បច្ចុប្បន្នមានវ័យ៣៧ឆ្នាំ និងមានមុខងារជានាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ Hardwareនៅក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន (IT) មួយ ខណៈលោក Jack Ma កើតក្នុងឆ្នាំ១៩៦៤ នៅក្រុងហាងចូវ (Hangzhou) បច្ចុប្បន្នវ័យ៥៨ឆ្នាំ។
សូមបញ្ជាក់ថា មហាសេដ្ឋី Jack Ma បានអវត្តមានយ៉ាងច្រើនពីវេទិការសាធារណៈចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២០ក្រោយលោកត្រូវបាននាំទៅសាកសួរបន្ទាប់បីលោកធ្វើការរិះគន់ធនាគាររបស់រដ្ឋរបស់ប្រទេសចិន៕SP