នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnsonថា ការចរចាជាមួយលោក ពូទីន ដូចចរចាជាមួយនឹងសត្វក្រពើ
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា ការចរចាសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែនទំនងជាបរាជ័យ ខណៈដែលលោកបានប្រៀបធៀបការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅនឹងការចរចាជាមួយក្រពើ។ នេះបើតាមការចេញផ្សាយដោយសារព៍ត៌មានNDTVនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីនិយាយបែបនេះខណៈដែលលោកធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ជាកន្លែងដែលលោកនឹងលើកទឹកចិត្តសមភាគីរបស់លោកគឺលោក Narendra Modi ឱ្យបញ្ចប់ ជំហរអព្យាក្រឹតភាពរបស់ខ្លួនជុំវិញសង្គ្រាមនៅអ៊ុយក្រែនដើម្បីសាកល្បងបញ្ចុះបញ្ចូលឱ្យទីក្រុងញូវដែលីចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ។
លោក Johnson បានប្រាប់អ្នកយកព័ត៌មានថា "វាពិបាកណាស់ក្នុងការមើលពីរបៀបដែលប្រជាជនអ៊ុយក្រែនអាចចរចាជាមួយលោកពូទីនឥឡូវនេះ ដោយសារតែគាត់មិនសាងអំពើល្អទាល់តែសោះ ។ "
លោក Johnson បាននិយាយថា មេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានយល់ព្រមថា ពួកគេនឹងបន្តផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធ រួមទាំងកាំភ្លើងធំផងដែរ ខណៈដែលរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើតំបន់បូព៌ារបស់អ៊ុយក្រែន។
សូមបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ី មិនបានបើកកិច្ចចរចាសន្តិភាពទល់មុខគ្នាទេ ចាប់តាំងពីថ្ងៃទី 29 ខែមីនា សង្គ្រាមកាន់តែអូសបន្លាយ ទាហានរុស្ស៊ីបានប្រព្រឹត្តអំពើឃោរឃៅនៅទីក្រុង Bucha ក្បែរទីក្រុង Kyiv ៕SP