លោក ប្រាយុទ្ធ ចាន់អូចានាយករដ្ឋមន្ត្រីថៃណែនាំឱ្យក្រសួងសុខាភិបាលត្រៀមលក្ខណៈសម្រាប់ការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩ក្រោយពិធីបុណ្យចូលឆ្នាំ
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានណែនាំឱ្យក្រសួងសុខាភិបាល ត្រៀមលក្ខណៈសម្រាប់ការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩ នៅពេលដែលប្រជាជនត្រឡប់ទៅធ្វើការវិញ ក្រោយពីថ្ងៃឈប់សម្រាកដ៏យូរនៃពិធីបុណ្យចូលឆ្នាំថ្មី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBangkok Post នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។
លោកបានមានប្រសាសន៍ថា ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) បានបន្ថែមសមត្ថភាពដល់ខ្សែទូរស័ព្ទទាន់ហេតុការណ៍របស់ខ្លួន ដើម្បីបម្រើដល់ការកើនឡើងនៃតម្រូវការជំនួយក្នុងការថែទាំ និងដំបូន្មានកូវីដ១៩ បន្ទាប់ពីពិធីបុណ្យសង្ក្រាន្តដោយ ឱ្យប្រជាពលរដ្ឋគួរតែតាមដានសុខភាពរបស់ពួកគេពីមួយសប្តាហ៍ទៅ ១០ថ្ងៃសម្រាប់សញ្ញានៃការឆ្លង ដែលអាចរួមមានគ្រុនក្តៅ ក្អក ឬហៀរសំបោរ។
លោក Anan Jongkaewwattana ប្រធានក្រុមស្រាវជ្រាវ ការច្នៃប្រឌិត និងគ្រប់គ្រងសុខភាពបសុពេទ្យនៅមជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងបច្ចេកវិទ្យាជីវសាស្រ្ត បានលើកឡើងពីការព្រួយបារម្ភហានិភ័យនៃការប្រែប្រួលនៃមេរោគឆ្លង បន្ទាប់ពីថ្ងៃសង្ក្រាន្ត នៅពេលដែលអ្នកទេសចរអន្តរជាតិ ត្រូវបានគេឃើញថា បានលេងជះទឹកដោយមិនបានពាក់ម៉ាស។
បើតាមរបាយការណ៍មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩នៃប្រទេសថៃ បានឱ្យដឹងថាថា ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ ដែលបានកត់ត្រាកាលពីថ្ងៃសៅរ៍ បានកើនឡើងដល់កម្រិតខ្ពស់ ១២៥នាក់ ដោយមានករណីឆ្លងថ្មីចំនួន ១៨.៨៩២ ករណី។ ថៃ មានប្រជាជនប្រហែល ១,៧៨លាននាក់បានឆ្លងកូវីដ១៩ ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕SP