ម៉ិកស៊ិក៖ វិទ្យាស្ថានទេសន្តរប្រវេសន៍ជាតិ (ហៅកាត់ INM) របស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសម៉ិកស៊ិកបានឃុំខ្លួនជនចំណាកស្រុកបរទេសជិត ៦.០០០ នាក់ ក្នុងរយៈពេល ៤ ថ្ងៃ។
វិទ្យាស្ថានទេសន្តរប្រវេសន៍ជាតិ INM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគច្រើននៃជនចំណាកស្រុកចំនួន ៥.៦៨៨ នាក់ ដែលត្រូវបានឃុំខ្លួនពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមេសា ត្រូវបានរកឃើញនៅក្នុងផ្ទះ រ៉ឺម៉ក ឬលាក់នៅក្នុងបន្ទប់ឡានក្រុង ឬកាប៊ីនឡាន។
រហូតមកដល់ពេលនេះ ក្រុមធំបំផុតរាប់តាមសញ្ជាតិ ដែលត្រូវបានឃុំខ្លួនកាលពីចុងសប្តាហ៍គឺ ហុងឌូរ៉ាស (Hondurans) ដោយមានចំនួន ១.០៦០ នាក់ បន្ទាប់មកដោយជនជាតិគុយបា (Cubans) ៩៤២ នាក់ និង ហ្គាតេម៉ាឡា (Guatemalans) ៩០៦ នាក់។សរុបមក ជនចំណាកស្រុកមកពី ៤២ ប្រទេស ត្រូវបានដាក់ក្នុងមន្ទីរឃុំឃាំង។
ក្រុមផ្សេងទៀតត្រូវបានគេរកឃើញថា កំពុងដើរកាត់វាលខ្សាច់ ឬតាមមហាវិថីនានា នៅពេលដែលពួកគេព្យាយាមធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក។អាជ្ញាធរអន្តោប្រវេសន៍ម៉ិកស៊ិកបានឃុំខ្លួនជនចំណាកស្រុកចំនួន ១១៥.៣៧៩ នាក់ ចាប់ពីដើមឆ្នាំ ដល់ថ្ងៃទី ១៣ ខែមេសា ដែលជាកាលបរិច្ឆេទចុងក្រោយបង្អស់ ដែលបង្ហាញឱ្យឃើញពីការកើនឡើងយ៉ាងខ្លាំងនៃការធ្វើចំណាកស្រុកមិនទៀងទាត់។
គួរបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានប្រាប់កាលពីខែមុនថា កម្រិតខ្ពស់នៃអំពើហិង្សានៅទូទាំងប្រទេសម៉ិកស៊ិក និងអាមេរិកកណ្តាល នឹងបន្តជំរុញការធ្វើចំណាកស្រុកពេញមួយឆ្នាំ ២០២២៕NR