ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិកដែលជាអ្នកគាំទ្រ សម្ដេច កុំធ្វើបាតុកម្មតបតទៅនឹង គម្រោងរបស់ក្រុមប្រឆាំង ធ្វើបាតុកម្ម សម្ដេច នៅអាមេរិក ព្រោះថា សម្ដេច មានអ្នកគាំទ្រច្រើនណាស់។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី១០ ឧសភា ខាងមុខនេះ សម្ដេច នឹងចេញដំណើរទៅអាមេរិក ដើម្បីចូលរួមប្រជុំពិសេស អាស៊ាន-អាមេរិក។

សម្ដេច ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរនៅអាមេរិក បានចេញវិដេអូរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្ដេច នៅអាមេរិក។ សម្ដេច នឹងទៅជួបពលរដ្ឋខ្មែរនៅទីនោះ ដើម្បីសួរសុខទុក្ខពួកគាត់។

សម្ដេច បញ្ជាក់ថា «ខ្ញុំ ក៏រង់ចាំមើលដែរថា តើអ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំ មានគ្នាប៉ុន្មាន? ឯខ្ញុំ មិនលើកទឹកចិត្ត ឲ្យបងប្អូនដែលមកទទួលខ្ញុំ ធ្វើបាតុកម្ម តបតជាមួយគេទេ សូមអង្វករចំពោះបងប្អូន បងៗ ឬប្អូន ឬក្មួយ ឬចៅ ដែលមកទទួលខ្ញុំនោះ។ មិនចាំបាច់ ឃើញគេធ្វើបាតុកម្ម ប្រឆាំងខ្ញុំ ហើយយើងទៅធ្វើបាតុកម្មតបតគេទេ គ្មានការចាំបាច់ ដើម្បីធ្វើរឿងបែបនេះទេ»។

សម្ដេច បន្ដថា គណបក្សប្រជាជនកម្ពុជា ឬរាជរដ្ឋាភិបាលកម្ពុជា មានមនុស្សគាំទ្រនៅក្រៅប្រទេស ដែលជានិច្ចជាការមានទំហំធំជាង ចំនួនអ្នកធ្វើបាតុកម្មប្រឆាំង សម្ដេច។ សម្ដេច ថា អ្នកធ្វើបាតុកម្មប្រឆាំងដំណើររបស់ សម្ដេច នៅអាមេរិក គឺប្រឆាំងទៅនឹង លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ព្រោះថា សម្ដេច ជាភ្ញៀវរបស់ ចូ បៃឌិន។

នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា នៅយប់ថ្ងៃទី២០ ឧសភា សម្ដេច នឹងចេញពីកម្ពុជា ទៅប្រទេសស្វីស ហើយនៅល្ងាចថ្ងៃដដែល សម្ដេច នឹងជួប ពលរដ្ឋខ្មែរនៅទីនោះ ដែលមកពី អឺរ៉ុប ផងដែរ។

សម្ដេច បញ្ជាក់ទៀតថា «នេះជាការជូនដំណឹងរបស់ខ្ញុំ អ្នកចង់ធ្វើបាតុកកម្មខ្ញុំ រៀបចំបាតុកម្មពីចំម្ងាយឲ្យហើយទៅ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ