លោក អេម៉ានុយអែល ម៉ាក្រុងជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត ក្រោយយកឈ្នះលើ លោកស្រី ម៉ារីន ឡឺប៉ែនក្នុងសំឡេង៥៨,២% ទល់នឹង៤១,៨%
បារីស៖ការបោះឆ្នោតប្រធានាធិបតីបារាំង ជុំទី២ កាលពីថ្ងៃអាទិត្យទី២៤មេសា លទ្ធផលបានបង្ហាញថា គឺលោកអេម៉ានុយអែល ម៉ាក្រុង ដែលបានឈ្នះធ្វើជាប្រធានាធិបតីមួយអាណត្តិទៀត ជាមួយនឹងសំឡេងឆ្នោត ជាង៥៨%។ ចំណែកលោកស្រីម៉ារីន ឡឺប៉ែន ដែលជាគូប្រជែង បានសំឡេងឆ្នោតចំនួនជាង ៤១%។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី២៥ ខែមសា ឆ្នាំ២០២២។
ក្នុងនោះអត្រាអ្នកមិនទៅបោះឆ្នោត មានប្រមាណ២៨% នៃចំនួនប្រជាជនក្នុងបញ្ជីឈ្មោះបោះឆ្នោត ទាំងអស់ប្រមាណ៤៩លាននាក់។ មានន័យថា ប្រជាជនបារាំងប្រមាណ១៤លាននាក់ ដែលបានបដិសេធ មិនជ្រើសរើសរវាងលោកម៉ាក្រុង និងលោកស្រី ឡឺប៉ែន។ យ៉ាងណាក៏ដោយ លោកម៉ាក្រុង បានថ្លែងសុន្ទរកថា ថាលោកនឹងធ្វើជាប្រធានាធិបតី បម្រើប្រជាពលរដ្ឋបារាំងទាំងអស់ ដោយមិនបោះបង់ចោលនរណាម្នាក់ឡើយ។
លោកប្រធានាធិបតីម៉ាក្រុង បានសន្យាថា ក្នុងអាណត្តិថ្មីរបស់លោក នឹងគឺជាយុគសម័យថ្មី ដែលលោកនឹងផ្លាស់ប្តូររបៀបដឹកនាំប្រទេស ហើយលោកសន្យាថានឹងធ្វើជាប្រធានាធិបតី បម្រើប្រជាជនបារាំងទាំងអស់គ្នា ។ព្រមទាំងបានអរគុណដែលប្រជាជនបារាំង បានលទ្ធភាពជូនលោក៥ឆ្នាំទៀត ដើម្បីឲ្យលោកសម្រេចគម្រោង កសាងពង្រឹងភាពឯករាជរបស់ប្រទេសបារាំង និងកសាងសហភាពអឺរ៉ុបឲ្យកាន់តែរឹងមាំ។
ជាមួយគ្នានេះដែរ លោកម៉ាក្រុងសន្យា នឹងវិនិយោគដើម្បីឲ្យមានការផ្លាស់ប្តូរស៊ីជំរៅ បន្តធានាឲ្យមានការរីកចម្រើនជាក់ស្តែងសម្រាប់ពលរដ្ឋម្នាក់ៗ រំដោះភាពច្នៃប្រឌិត និងគំនិតបង្កើតថ្មី ព្រមទាំងធ្វើឲ្យបារាំង ក្លាយជាប្រទេសឈានមុខគេ ក្នុងវិស័យការពារបរិស្ថានធម្មជាតិ៕SP