លោកប្រធានាធីបតី Zelenskyy អំពាវនាវសាជាថ្មីម្តងទៀតចង់ជួបជាមួយលោកពូទីន "ដើម្បីបញ្ចប់សង្រ្គាម”
(អ៊ុយក្រែន)៖ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថាកិច្ចចរចាសន្តិភាពនៅ ពេលអនាគតជាមួយរុស្ស៉ី នៅក្នុងប្រទេស តួកគី អាចនឹងធ្វើទៅរួច គឺអាស្រ័យលើការសម្រេចចិត្តរបស់លោកប្រធានាធិបតី ពូទីន ដើម្បីបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។
លោក Volodymyr Zelenskyy បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាអ្នកដែលចាប់ផ្ដើមសង្រ្គាមនេះគឺជាអ្នកត្រូវបញ្ចប់វាទៅវិញ...ហើយតាំងតែដើមដំបូង, ខ្ញុំបានទទូចឱ្យ មានកិច្ចចរចាជាមួយប្រធានាធិបតីរុស្ស៉ី។ ខ្ញុំមិនចង់ជួបគាត់ (លោក ពូទីន) ទេ ប៉ុន្តែខ្ញុំចាំបាច់ត្រូវតែជួបជាមួយគាត់ ព្រោះវាជាមធ្យោបាយបញ្ចប់ ជម្លោះដោយការទូត»។ លោកបន្ថែមថាលោកមិនខ្លាចក្នុងការជួបជាមួយលោក ពូទីននោះទេ ប្រសិនបើវានឹងនាំទៅរកសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន។
ទន្ទឹមនឹងនោះលោក Zelenskyy បានព្រមានថាអ៊ុយក្រែននឹងបញ្ឈប់ការចរចាប្រសិនបើទាហានរុស្ស៊ីសម្លាប់ទាហានអ៊ុយក្រែនដែលនៅសេសសល់នៅក្នុងកំពង់ផែសមុទ្រខ្មៅដែលឡោមព័ទ្ធ Mariupol ឬធ្វើប្រជាមតិដើម្បីបង្កើតសាធារណរដ្ឋបំបែកបន្ថែមទៀតនៅលើទឹកដីអ៊ុយក្រែនដែលទើបនឹងកាន់កាប់៕SP