អេក្វាឌ័រ ៖ចំនួនមនុស្សស្លាប់ដោយសារ ការរអិលបាក់ដីនៅ ប្រទេសអេក្វាឌ័របានកើនឡើងដល់ ២២ នាក់ និង មានមនុស្ស៤៧ នាក់បានរងរបួស ស្របពេលដែលក្រុមជួយសង្គ្រោះ អ្នកពន្លត់អគ្គីភ័យ បន្តស្វែងរកតាមផ្ទះ និងផ្លូវ ដែលគ្របដណ្តប់ទៅដោយភក់។ នេះបើតាមការឱ្យដឹងពី អភិបាលរដ្ឋធានី Quito លោក Santiago Guarderas ។
ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃច័ន្ទ បានបណ្តាលឱ្យមានកំណើននៃទឹកនៅក្នុងជ្រលងភ្នំក្បែរសង្កាត់នៃទីក្រុង La Gasca និង La Comuna ដែលបណ្តាលឱ្យមានភក់ និងថ្មធ្លាក់មកលើលំនៅដ្ឋាន និងប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី។
លោក Santiago Guarderas បានប្រាប់អ្នកយកព័ត៌មានថា "គិតត្រឹមពេលនេះ អ្នកស្លាប់ ២២ នាក់ ត្រូវបានបញ្ជូនទៅកន្លែងបញ្ចុះសព រីឯមនុស្ស៤៧ នាក់ទៀតបានរងរបួស ដោយអ្នករបួស ២នាក់ក្នុងចំណោមនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ" ក្នុងនោះ មានមនុស្ស១០ ការបាត់ខ្លួនផងដែរ។
ជាមួយគ្នានេះដែរ ការិយាល័យរបស់អភិបាលក្រុងបានបង្កើតជម្រកសម្រាប់គ្រួសារដែលរងផលប៉ះពាល់ ហើយបានចាប់ផ្តើមឈូសឆាយផ្លូវក្នុងទីក្រុង ស្តារភក និងតភ្ជាប់បណ្តាញអគ្គីសនីឡើងវិញ។
គួរបញ្ជាក់ថា ប្រទេសអេក្វាឌ័រជាប្រទេសដែលតែង ប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដែលបណ្តាលឱ្យទឹកទន្លេហូរហៀរ និងប៉ះពាល់ផ្ទះរាប់រយខ្នង និងខូចខាតផ្លូវថ្នល់នានាជារៀង រាល់ឆ្នាំ៕NR