( ដេល្លីម៉េល)៖ ប៉ូលិសកូឡុំប៊ីចាប់បានថ្នាំញៀនកូកាអ៊ីន រាវ លាក់ក្នុងសំបកដូងប្រមាណ ២០.០០០ ផ្លែមុនពេលពួកវាត្រូវបានដឹកជញ្ជូនទៅកាន់អឺរ៉ុប ។ នេះបើតាមការចុះផ្សាយដោយAFP កាលពីថ្ងៃសុក្រកន្លងទៅ។
ការបង្ក្រាបថ្នាំញៀននេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងកំពង់ផែកាតាហ្សេណា (Cartagena) នៅ ឆ្នេរសមុទ្រការ៉ាអ៊ីបរបស់កូឡុំប៊ីកន្លែងដែលផ្លែដូងត្រូវបានរៀបចំដឹកទៅកាន់ទីក្រុងហ្សេណូអា (Genoa ) ប្រទេស អ៊ីតាលី ។
ក្រុមប្រឆាំងថ្នាំញៀនមួយក្នុងការិយាល័យរដ្ឋអាជ្ញា ជាតិ កូឡុំប៊ី ដែល ធ្វើការ ជាមួយ ប៉ូលិស ពិសេស បាន ពិនិត្យ ផ្លែ ដូង ដែល ដាក់ ក្នុង បាវ ចំនួន ៥០៤ និង បាន រកឃើញថា ទឹកដូង ធម្មជាតិ ត្រូវបាន បូម ចេញ ហើយ ចាក់ បញ្ចូល ថ្នាំញៀន រាវ ជំនួស វិញ ។ ផ្លែ ដូង ទាំង នៅ ពេល ក្រោយ ត្រូវ បាន បញ្ជូន ទៅ មន្ទីរពិសោធន៍ ដើម្បី ពិនិត្យ បន្ថែម និង កំណត់ កំរិត ថ្នាំញៀន ក្នុង ទឹក ។
ការចាប់ថ្នាំញៀននេះត្រូវបាន ធ្វើឡើង នៅពេលផ្លែដូងបង្កប់ថ្នាំញៀន ជិត ២០.០០០ ផ្លែ ត្រូវបាន ត្រួតពិនិត្យនិងប្រុងដឹកចេញទៅកាន់អ៊ីតាលី។
ទោះជា ចាប់បាន ថ្នាំញៀន ដ៏ ច្រើនសន្ធឹកតែគេនៅមិនទាន់ ដឹងថានរណា នៅពីក្រោយ និង ក្រុមណា ពាក់ព័ន្ធនឹងការលួចដឹកថ្នាំញៀននេះនៅខាងអឺរ៉ុបតែការិយាល័យរដ្ឋអាជ្ញាកំពុងស៊ើបអង្កេត ។ មិនមាន ការចាប់ខ្លួនជនសង្ស័យណាម្នាក់នៅឡើយទេពាក់ព័ន្ធនឹងការរកឃើញនេះតែខាងរដ្ឋអាជ្ញាកំពុង ស៊ើបរកប្រភពដូង និងកំណត់មុខសញ្ញា ។
អាជ្ញាធរកូឡុំប៊ីបាននិយាយថាខ្លួនបានសហការជាមួយ អាជ្ញាធរអ៊ីតាលីនៅ ក្រុងហ្សេណូអាដើម្បីរក មេក្លោងនៃបណ្តាញឧក្រិដ្ឋថ្នាំញៀន នេះ ។
សូមបញ្ជាក់ ថាបច្ចុប្បន្នការផលិតថ្នាំញៀនកូកាអ៊ីននៅកូឡុំប៊ីកើនខ្ពស់ជាងពេលណាៗទាំងអស់ដោយ ឡើងដល់កំរិតខ្ពស់បំផុតកាលពីឆ្នាំ២០១៧ដែលកំណត់ដោយការិយាល័យថ្នាំញៀន និងបទឧក្រិដ្ឋ របស់ អង្គការសហប្រជាជាតិ ទោះជា អាជ្ញាធរបានកំចាត់ចោលក្រុមថ្នាំញៀនល្បីល្បាញបំផុត នៅកូឡុំប៊ី នៅទសវត្សរ៍១៩៨៨ និង១៩៩០ហើយក្តី ។
ថ្នាំកូកាអ៊ីនរបស់កូឡុំប៊ីភាគច្រើនត្រូវបានបញ្ជូនទៅអេស្ប៉ាញ អ៊ីតាលី ហូឡង់ និង បែលហ្សិច និង ខ្លះទៀត បញ្ជូនទៅដល់អាហ្វ្រិក ៕