ទុក្ខស្រី ប្តីព្រាត់ !ធ្វើឱ្យ សម្ដេចតេជោ ហ៊ុន សែន និងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់ តែនាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស
ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថាទុក្ខស្រី ប្តីព្រាត់ធ្វើឱ្យ សម្ដេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្រក់ទឹកភ្នែករាប់លានដំណក់ ប៉ុន្តែទឹកភ្នែកនេះ នាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស។
តាមរយៈគេហទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែនបានឱ្យដឹងថា ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំរបស់ សម្ដេច (៥ មករា១៩៧៦- ៥ មករា ២០២២)។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំ និងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ»។
សម្ដេចតេជោ បន្ដថា ជីវិត ប្តី ប្រពន្ធ បន្ទាប់ពីរៀបការគ្មានទេដែលហៅថា សេចក្តីសុខ។ សម្ដេច បានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅសម្ដេច ថាពូអស់រយៈពេល២ខែទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់សម្ដេច និងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ។
សម្ដេចតេជោបញ្ជាក់ថា «ទុក្ខស្រីប្តីព្រាត់ បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ (ពេលនោះខ្ញុំមានអាយុ២៤ឆ្នាំឯភរិយាខ្ញុំអាយុ២២ឆ្នាំ)រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់»។
សម្ដេចតេជោ បន្ថែមទៀតថា សៀវភៅគូព្រេងមិនព្រាត់ដែល សម្ដេច សរសេររៀបរាប់ពីជិវិតប្តីប្រពន្ធរបស់ សម្ដេច ត្រូវបានបោះពុម្ភជាភាសាខ្មែរ អង់គ្លេស និងចិន។ សម្ដេច ថា ភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ក៍ចាប់ផ្តើមថតហើយដែរដែលអាចប្រើរយៈពេល១៤ខែ ទើបអាចបញ្ចប់បានព្រោះជារឿងភាគដែលវែង៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ