ភ្នំពេញ៖ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា​​ អ៊ីនធឺណិត​ បានក្លាយជាមធ្យោបាយប្រើប្រាស់ចាំបាច់​បំផុត​មួយ បម្រើ​ដល់​សកម្មភាព​អាជីវកម្ម​ ការទំនាក់ទំនង​ ការកំសាន្ត​ និងជីវភាពរស់នៅប្រចាំថ្ងៃ​ ជាពិ​សេសក្នុងអំឡុងពេលនៃការឆ្លងរីករាលដាល​ជំងឺ​វីដ១៩។

ក្នុងពេលដំណាលគ្នានេះ​ បញ្ហាសុខសុវត្ថិភាពលលបណ្តាលអ៊ីនធឺណិត​ ក៏ជាក្តីបារម្មណ៍​ចំពោះ​អ្នក​ប្រើ​ប្រាស់​ពិសេសសម្រាប់​កុមារាកុមារី​ដែលពុំទាន់យល់អំពីហានិភ័យ​ គ្រោះថ្នាក់​ និងបច្ចេក​ទេស​ការពា​រ​សុវត្ថិភាពលើបណ្តាញអ៉ីនធឺណិត ហើយពួកគេក៏ជាបុគ្គលដែលងា​យរងគ្រោះ​ក្នុងបទល្មើ​សបច្ចេក​វិទ្យាផងដែរ។

ដើម្បីជា​ជំនួយ​ក្នុង​ការពារសុវត្ថិភាពកូនៗ​ លោក​អ្នក​ពី​គ្រោះថ្នាក់​ទាំងអស់​នេះ​ ក្រុមការងារបច្ចេកទេស​ សូមធ្វើការចែករំលែកនូវ​ វិធី​សាស្រ្ត​ និង​ទស្សនាទានគោលៗចំនួន៦ ចំនុច​ ជូនដល់អាណាព្យាបាល​ ដូចខាងក្រោម៖

 ១. សិក្សាស្វែងយល់អំពី​គេហទំព័រ ហ្គេមកំសាន្ត និងកម្មវិធីផ្សេងៗ​ ដែលកូនៗរបស់អ្នកកំពុងប្រើ​ប្រាស់។​ 

 ២. ពិនិត្យមើលសកម្មភាពរបស់កូនៗ​ លោក​អ្នក​លើបណ្តាញទំនាក់ទំនងសង្គម​(ឧទាហរណ៍៖​ ហ្វេសប៊ុ​ក​ Instagram TikTok​។ ល។ )​។

 ៣. ពន្យល់ណែនាំកូនៗរបស់អ្នក អំពីប្រភេពព័ត៌មានដែលគួរធ្វើការចែករំលែក​ ឬផ្តល់មតិយោបល់​ ​​ជៀ​ស​វាងការបង្ហោះព័ត៌មានឯកជនភាព​ ឬព័ត៌មានប្រឌិត​ ដែលប៉ះពាល់ដល់សន្តិសុខខ្លួនឯង​ ក្រុ​មគ្រួសារ​ និងសង្គម។

 ៤. ជួយប្រឹក្សាផ្នែកបច្ចេកទេសដល់កូនៗ​លោក​អ្នក​ អំពី​ការកំណត់​ Setting ការដាក់លេខកូដសម្ងាត់​ កា​​រ​ការពារសុវត្ថិភាពគណនីអ៉ីនធឺណិត​ (ឧទាហរណ៍៖​ គណនី​ហ្វេសប៊ុក​ Instagram TikTok​ ជាដើ​ម)​។

 ៥. ណែនាំកូនៗលោក​អ្នកឱ្យមានការប្រុងប្រយ័ត្ន​ ចំពោះ​ជនអនាមិកលើបណ្តាញទំនាក់ទំនងសង្គម​ និងធ្វើការរាយការណ៌ជូនអាណាព្យាបាលនៅពេលសង្ស័យបុគ្គលណាម្នាក់ថា​កំពុងអូសទាញកូនៗ​ ក្នុងទំនាក់ទំនងស្នេហា​ ណាត់ជួប​ ឬឱ្យប្រព្រឹត្តសកម្មភាពស្រើបស្រាលផ្សេងៗ។

៦.​ ពន្យល់កូនៗ​ អំពីក្រមសីលធម៌ក្នុងការប្រើប្រាស់អ៉ីនធឺណិត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ