ឥណ្ឌូណេស៊ីនិង សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើបត្យាប័ន ដែនអាកាស និងការការពារជាតិ
ប្រទេសឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីនិងសិង្ហបុរី បានចុះហត្ថលេខាកាលពីថ្ងៃអង្គារ លើកិច្ចព្រមព្រៀងធ្វើបត្យាប័នទ្វេភាគី ជាចំណាត់ការដែលទីក្រុងហ្សាការតា រំពឹងថាអាច រកយុត្តិធម៌ដល់ជនដែលត្រូវបានចោទប្រកាន់ពីបទលួចលុយរដ្ឋរាប់ពាន់លានដុល្លារនៅឯនាយសមុទ្រ។
គណៈរដ្ឋមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីគ្របដណ្តប់លើដែនអាកាស និងការពារជាតិ ដោយក្នុងការចុះហត្ថលេខានេះធ្វើឡើងបន្ទាប់ពីជំនួបរវាងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ។
សម្រាប់បញ្ហានៃការធ្វើបត្យាប័ន បានធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីមានការខកចិត្តជាយូរមកហើយ ដោយសារតែមានការព្រួយបារម្ភអំពីការលំបាកក្នុងការនាំយកជនភៀសខ្លួនមួយចំនួនដែលត្រូវបានចោទប្រកាន់ពីបទកិបកេងប្រាក់យ៉ាងច្រើនក្នុងអំឡុងពេលវិបត្តិហិរញ្ញវត្ថុអាស៊ីដើម្បីស្វែងរកយុត្តិធម៌។
នៅក្រោមកិច្ចព្រមព្រៀងធ្វើបត្យាប័ន មានឧក្រិដ្ឋកម្ម ៣១ ប្រភេទ នឹងត្រូវទទួលខុសត្រូវក្នុងការធ្វើបត្យាប័ន ហើយវានឹងអនុវត្តចំពោះបទល្មើសដែលបានប្រព្រឹត្តរហូតដល់ ១៨ ឆ្នាំមុន នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវិនិយោគ និងកិច្ចការដែនសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយ។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងនេះក៏នឹងមានន័យថា ប្រជាជននឹងមិនអាចគេចផុតពីការរកយុត្តិធម៌ដោយការផ្លាស់ប្តូរសញ្ជាតិរបស់ពួកគេឡើយ។"ដូច្នេះការអនុវត្តកិច្ចព្រមព្រៀងធ្វើបត្យាប័នព្រហ្មទណ្ឌនឹងបង្កើតឥទ្ធិពលរារាំងដល់បទឧក្រិដ្ឋនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី"។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសិង្ហបុរីបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីនឹងធ្វើប្រតិភូកម្មទៅប្រទេសសិង្ហបុរីនូវការផ្តល់សេវានាវាចរណ៍តាមអាកាសនៅក្នុងផ្នែកនៃដែនអាកាសសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលអាចបន្តដោយការយល់ព្រមពីគ្នាទៅវិញទៅមក។ ប្រទេសសិង្ហបុរីមើលឃើញថា លំហអាកាសមានសារៈសំខាន់សម្រាប់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការរីកចម្រើននៃអាកាសយានដ្ឋាន Changi ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក មុនពេលមានជំងឺរាតត្បាតជំងឺកូវីដ១៩៕ NR