ជ្រូកចំនួន១១៧ក្បាលត្រូវបានសម្លាប់ ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិក ក្នុងស្រុក២នៅប្រទេសថៃ
បាងកក៖ ជ្រូកចំនួន១១៧ក្បាល ត្រូវបានសម្លាប់បន្ទាប់ពីរកឃើញថាមាន ជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅកសិដ្ឋានចិញ្ចឹមជ្រូក ៣កន្លែងក្នុងស្រុកចំនួន២របស់ខេត្ត នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ប្រធានការិយាល័យបសុសត្វខេត្ត Prachuap Khiri Khan លោក Yutthira Banthukul។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីពេលថ្មីនេះ ។
កសិដ្ឋានចិញ្ចឹមជ្រូក ៣កន្លែងនេះគឺស្ថិតនៅក្នុងភូមិ Moo 4 នៃស្រុក Muang, ភូមិ Moo 5 ក្នុងស្រុក Muang និងភូមិ Moo 13 ក្នុងស្រុក Thap Sakae។
លោក Yutthira បានថ្លែងថា កសិដ្ឋានទាំង៣នេះគឺគ្រាន់តែចិញ្ចឹមជ្រូកទ្រង់ទ្រាយតូចប៉ុណ្ណោះ។ ជ្រូកសរុប១១៧ក្បាលត្រូវបានសម្លាប់ និងកប់ ដើម្បីការពារការរីករាលដាលនៃមេរោគ ដោយឡែកសំណងត្រូវបានផ្តល់ជូនអ្នកចិញ្ចឹមក្នុងអត្រា ៧៥% នៃតម្លៃទីផ្សារ។
តំបន់ទាំង៣ត្រូវបានប្រកាសថារងការវាយប្រហារដោយ ជំងឺប៉េស្តជ្រូកអាហ្រ្វិក សម្រាប់ការចរាចជ្រូកត្រូវបានហាមឃាត់ក្នុងរង្វង់ប្រាំគីឡូម៉ែត្រនៃកសិដ្ឋានរៀងៗខ្លួន ជាមួយគ្នានេះ ពេទ្យសត្វក៏ត្រួតពិនិត្យបរិវេណមួយគីឡូម៉ែត្រពីកសិដ្ឋានផងដែរ ដើម្បីយកសំណាកសម្រាប់ធ្វើតេស្តមន្ទីរពិសោធន៍។
ប្រសិនបើកសិដ្ឋានដែលមានជ្រូកតិចជាង ៥0 ត្រូវបានគេរកឃើញថាមានមេរោគ នោះជ្រូកទាំងអស់នឹងត្រូវបានសម្លាប់។ លោកបន្តថា ក្នុងខេត្ត Prachuap Khiri Khan មានអ្នកចិញ្ចឹមជ្រូកប្រហែល ១០០០នាក់ ដោយមានជ្រូកប្រហែល ៨ម៉ឺនក្បាល៕SP