ករណីកំពប់ប្រេងបង្កដោយរលកធំៗនៃការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រតុងហ្គាគឺជាគ្រោះមហន្តរាយបរិស្ថានដ៏សម្បើម
ប៉េរូ៖ រដ្ឋាភិបាលប៉េរូ បាននិយាយកាលពីថ្ងៃពុធថា ការធ្លាយប្រេងនៅរោងចក្រចម្រាញ់ប្រេងនៅប្រទេសប៉េរូ ក្នុងអំឡុងពេលរលកខ្ពស់ដែលបណ្តាលមកពីការផ្ទុះកាលពីចុងសប្តាហ៍មុននៃភ្នំភ្លើងនៅតុងហ្គាគឺជា "គ្រោះមហន្តរាយបរិស្ថាន" ។
ក្រសួងការបរទេសបាននិយាយថា ការកំពប់ប្រេងបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតសត្វ និងរុក្ខជាតិ នៅក្នុងតំបន់ការពារ លើផ្ទៃដីរួមបញ្ចូលគ្នាប្រហែល ១៨.០០០គីឡូម៉ែត្រការ៉េជុំវិញកោះ និងតំបន់នេសាទ។
ការកំពប់ប្រេងចេញពីកប៉ាល់ដឹកប្រេងដែលចតនៅរោងចក្រចម្រាញ់ប្រេង Repsol's La Pampilla របស់អេស្ប៉ាញ ត្ បន្ទាប់ពីការផ្ទុះភ្នំភ្លើងក្រោមសមុទ្រដ៏ធំនៅតុងហ្គា ចម្ងាយប្រហែល ១០.០០០ គីឡូម៉ែត្រ បើទោះជាករណីនេះជាករណីអចេតនាក៏ដោយ ក្រសួងបានអំពាវនាវឱ្យក្រុមហ៊ុន Repsol បង់ប្រាក់លើឧប្បត្តិហេតុនេះ។
ជាក់ស្តែង ក្រសួងបាននិយាយនៅលើ Twitter ថា "នេះគឺជាគ្រោះមហន្តរាយអេកូឡូស៊ីដ៏អាក្រក់បំផុតដែលបានកើតឡើងនៅជុំវិញទីក្រុង Lima ក្នុងរយៈពេលថ្មីៗនេះ ហើយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់គ្រួសារអ្នកនេសាទរាប់រយនាក់។ Repsol ត្រូវតែផ្តល់សំណងជាបន្ទាន់សម្រាប់ការខូចខាត" ។
យោងតាមក្រុមហ៊ុនបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក Ruben Ramirez បានជួបជាមួយមន្ត្រីរបស់ Repsol ហើយបាននិយាយថា ប្រេងប្រហែល ៦.០០០ ប៉ារ៉ែល ត្រូវបានកំពប់។
ជាងនេះទៀត ទីភ្នាក់ងារត្រួតពិនិត្យការវិនិយោគលើថាមពល និងរ៉ែរបស់ប្រទេសប៉េរូ (Osinergmin) បាននិយាយថា ខ្លួនបានបញ្ជាឱ្យស្ថានីយមួយក្នុងចំណោមស្ថានីយទាំង ៤ របស់រោងចក្រចម្រាញ់ប្រេង ត្រូវតែបិទរហូតដល់មូលហេតុនៃការធ្លាយប្រេងត្រូវបានកំណត់។
គួរបញ្ជាក់ថា La Pampilla គឺជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសប៉េរូ និងផ្គត់ផ្គង់ច្រើនជាងពាក់កណ្តាលនៃទីផ្សារប្រេងឥន្ធនៈក្នុងស្រុក៕ NR