ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគចំនួន៤ទៀតក្នុងចំណោមក្រុមហ៊ុនទាំងនេះ  មានក្រុមហ៊ុន៣ មកពីចិន និង១ក្រុមហ៊ុនទៀតមកពីឥណ្ឌា អាចនឹងបើកការដ្ឋានចម្រាញ់រ៉ែមាសនៅកម្ពុជា នាអំឡុងឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ពី  លោក អ៊ឹង ឌីបូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែកាលពីពេលថ្មីៗនេះ។

លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា ក្រុមហ៊ុនចិនចំនួន៣ នឹងធ្វើអាជីវកម្មចម្រាញ់រ៉ែមាស នៅទឹកដីនៃខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនមកពីប្រទេសឥណ្ឌាមួយទៀត ត្រៀមធ្វើអាជីវកម្មរ៉ែមាសនេះ នៅក្នុងខេត្តរតនគិរី ផងដែរ។ 

អាជីវកម្មចម្រាញ់រ៉ែមាសនៃក្រុមហ៊ុន៣របស់ចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរីនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ និងមួយទៀតជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំងនៅខេត្តរតនគិរីនឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះ។

 បើតាមលោក អ៊ឹង ឌីបូឡា ការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនទាំងនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា តាមរយៈរដ្ឋាភិបាលទទួលបានចំណូលពីសួយសារនិងពន្ធអាករផ្សេងៗ។ 

 សូមបញ្ជាក់ថា កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ