សម្ដេចតេជោ ហ៊ុន សែន ៖ ការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា «អាវុធយុទ្ធសាស្ដ្រគន្លឹះ»
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អាទិភាពចម្បង នៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូរីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ។
ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP ស្ដីពី «របៀបវារៈរួម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចរីភាព នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាបញ្ហាប្រឈមផ្សេងទៀត ដែលបាននិងកំពុងកើតមានឡើង មិនត្រឹមតែបានបន្ទច់បង្អាក់ដំណើរការនៃការឈានទៅសម្រេចបាននូវអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងឆ្លុះបញ្ចាំងឲ្យឃើញពីភាពចាំបាច់នៃការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ឲ្យកាន់តែខ្លាំងឡើងថែមទៀត។
សម្ដេចតេជោ បញ្ជាក់ថា «ក្នុងបរិបទនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរ តែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយ អាទិភាពចម្បង នៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូរីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ ។ ក្នុងន័យនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែក វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពសុំសហគមន៍ពេញលេញនៅទូទាំងសកលលោក»។
សម្ដេចតេជោ បន្ដថា ទន្ទឹមនឹងនេះ ដោយវិធានការរដ្ឋបាល និងសុខាភិបាលត្រូវបានសម្រួល និងដកចេញជាបន្តបន្ទាប់ កម្ពុជាក៏លើកទឹកចិត្តឲ្យមានការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការជំរុញការវិនិយោគ, ការធ្វើពាណិជ្ជកម្មដោយអនុវត្តឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលបានចូលជាធរមាន និងការតភ្ជាប់ប្រជាជន និងប្រជាជន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដើម្បីរួមគា្នស្ដារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញ នៅក្រោយវិបត្តិនៃជំងឺកូវីដ១៩។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ក្នុងពេលដែលតំបន់ក៏ដូចជាពិភពលោកទាំងមូល កំពុងតែសម្លឹងទៅមុខប្រកបដោយសុទិដ្ឋិនិយម ក៏កំពុងទទួលរងនូវវិបត្តិមួយថ្មីទៀត គឺសង្គ្រាមនៅអ៊ុយក្រែន ដែលវិបត្តិនេះមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ៕EB