បាងកក៖TikTok ដែលជាក្រុមហ៊ុនបណ្តាញសង្គមវីដេអូខ្លីបាននិយាយថា អ្នកប្រើប្រាស់របស់ខ្លួននៅអាស៊ានបានកើនលើស ២៤០លាននាក់ ខណៈដែលខ្លួនកំពុងបន្តផែនការរបស់ខ្លួនក្នុងការក្លាយជាវេទិកាកម្សាន្តដែលអាចទុកចិត្តបាន លើសពីតន្ត្រី និងការរាំ។
DAAT បានបង្ហាញថា ការចំណាយលើការផ្សាយពាណិជ្ជកម្មនៅលើ TikTok ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤៥៥លានបាត ក្នុងឆ្នាំ ២០២២ ដែលស្មើនឹង ២% នៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយឌីជីថលសរុបនៅក្នុងប្រទេសថៃ ដែលកើនឡើងពី ៣៦២លានបាត ក្នុងឆ្នាំ ២០២១។
លោក Manas Sabnis ប្រធានយុទ្ធសាស្រ្តម៉ាកយីហោប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌារបស់ក្រុមហ៊ុន TikTok បាននិយាយតាមរយៈបទសម្ភាសន៍ក្រុមប្រព័ន្ធផ្សព្វផ្សាយថា យើងជាវេទិកាដែលមានសហគមន៍រីកលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហើយមានបំណងក្លាយជាវេទិកាកម្សាន្តដែលអាចទុកចិត្តបាន។
លោកបានបន្តថា ឥឡូវនេះ Tiktok មានអ្នកប្រើប្រាស់សកម្មប្រចាំតំបន់ចំនួន ២៤០លាននាក់ ជាមួយនឹងការចូលមើលវីដេអូ ១ពាន់ពាន់លានដង និងការបង្កើតវីដេអូច្រើនជាង ៨០០លាន។
សូមបញ្ជាក់ថា TikTok មានគោលបំណងលើសពីតន្ត្រី និងការរាំ។ នៅក្នុងតំបន់អាស៊ាន ខ្លឹមសារអប់រំដែលបង្ហាញនៅលើ TikTok បានកើនឡើង ១៤៨% ក្នុងឆ្នាំ ២០២១ លើសកាលពីឆ្នាំមុន។ មាតិកាទេសចរណ៍បានកើនឡើង ៥៤៥% និងហ្គេមបានកើនឡើង ១៩៣% ខណៈដែលសេវាកម្មហិរញ្ញវត្ថុបានកើនឡើងចំនួន ៦.៧៨០ដង៕SP