ភ្នំពេញ  ៖ នៅត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធបានចំនួន ៥ ១១៥.៤២ប៊ីលានរៀល ស្មើនឹងប្រមាណជា ១ ២៦៣.០៧ លានដុល្លារ ស្មើនឹង៤៤.៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំ ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «រយៈពេល ៣ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ មានចំនួន ៥ ១១៥.៤២ ប៊ីលានរៀល (ប្រមាណជា ១ ២៦៣.០៧ លានដុល្លារ) ស្មើនឹង ៤៤.៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ៩៣០.៩៩ ប៊ីលានរៀល (ប្រមាណជា ២២៩.៨៧ លានដុល្លារអាមេរិក) ស្មើនឹង ២២.២៥%»។

សម្រាប់រយៈពេល៣ខែ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ៥ បានរក្សាកំណើនឡើងគួរឲ្យកត់សម្គាល់ធៀបនឹងខែរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ២ ៦៩៨.០២ប៊ីលានរៀល (កើនឡើង ៥១៥.១៧ ប៊ីលានរៀល ស្មើនឹង២៣.៦០%), អាករលើតម្លៃបន្ថែមមានចំនួន ៧៧៤.០១ ប៊ីលានរៀល (កើនឡើង ១០១.៧៩ ប៊ីលានរៀល ស្មើនឹង ១៥.១៤%), អាករពិសេសមានចំនួន ២៩៨.៤៧ ប៊ីលានរៀល (កើនឡើង ៤០.៨៤ ប៊ីលានរៀល ស្មើនឹង១៥.៨៦%), ពន្ធលើប្រាក់បៀវត្សមានចំនួន ៣១៥ ប៊ីលានរៀល (កើនឡើង ៥៥.០៥ ប៊ីលានរៀលស្មើនឹង ២១.១៨%), និងពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន២២៦.៧៩ ប៊ីលានរៀល (កើនឡើង ៥៨.៩៤ ប៊ីលានរៀលស្មើនឹង ៣៥.១២%)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ