តុលាការវៀតណាមកាត់ទោសប្រហារជីវិតជនជាតិចិន ២នាក់ និងនាក់ពាក់ព័ន្ធជាច្រើននាក់ទៀត ករណីផលិតមេតំហ្វេតាមីនជាង១១គីឡូក្រាម
វៀតណាម៖ តុលាការខេត្ត Kon Tum នៃប្រទេសវៀតណាម កាលពីថ្ងៃទី១៦ មេសា ២០២២ បានកាត់ទោសប្រហារជីវិត បុរសជនជាតិចិន ២នាក់ និងចិនម្នាក់ទៀត ជាប់ពន្ធនាគារអស់មួយជីវិត ពីបទផលិតមេតំហ្វេតាមីនជាង១១គីឡូក្រាម រួមជាមួយបក្ខពួក ៥នាក់ទៀត កាលពី៣ឆ្នាំមុន នេះបើយោងតាមសារព័ត៌មានវៀតណាម VnExpress ។
បន្ទាប់ពីការកាត់ក្តីរយៈពេលប្រាំថ្ងៃ តុលាការនៃខេត្ត Kon Tum កំណត់ថា ជនសង្ស័យឈ្មោះ Cao Zi Li និងឈ្មោះ Jian Huang ទាំងពីរនាក់ អាយុ៥៩ឆ្នាំដូចគ្នា ជាមេខ្លោងក្នុងការ “ផលិតសារធាតុញៀនដោយខុសច្បាប់” ។អ្នកសមគំនិតជនជាតិចិនម្នាក់ទៀត មានឈ្មោះថា Yang Yuan De អាយុ៥៨ឆ្នាំ ត្រូវតុលាការកាត់ទោស ដាក់ពន្ធនាគារអស់មួយជីវិត ខណៈដែលបក្ខពួក ៥នាក់ទៀត រួមទាំងជនជាតិវៀតណាមម្នាក់ផង ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារពី ៣៤ខែ ទៅ ២០ឆ្នាំ ក្រោមបទល្មើសដូចគ្នា ។
យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចវៀតណាម រកឃើញថា មេខ្លោងឈ្មោះ Cao Zi Li ធ្លាប់តុលាការប្រទេសចិន កាត់ទោសឲ្យជាប់គុកអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀនដោយខុសច្បាប់ក្នុងឆ្នាំ២០០២ ។ នៅខែតុលា ឆ្នាំ២០១៧ អ្នកទោសរូបនេះ ត្រូវបានលើកលែងទោស និងដោះលែងចេញពីពន្ធនាគារ ។
ចាប់តាំងពីខែមីនា ឆ្នាំ២០១៩មក មេខ្លោង Li និងជនជាតិចិនមួយក្រុម បានជួលរោងចក្រចំនួន ០២កន្លែង ។ មួយកន្លែងនៅស្រុក Dak Ha ក្នុងខេត្ត Kon Tum និងមួយកន្លែងទៀត នៅកណ្តាលទីក្រុង Quy Nhon ដើម្បីផលិតថ្នាំមេតំហ្វេតាមីន ក្រោមរូបភាពនៃ “មន្ទីរពិសោធន៍ផលិតថ្នាំសម្លាប់សត្វល្អិតកសិកម្ម” ។
នៅខែសីហា ឆ្នាំ២០១៩ដដែល នគរបាលវៀតណាមក្រោយទទួលបានព័ត៌មានពីអ្នកស្រុក បានឆ្មក់ចូលរោងចក្រនៅស្រុក Dak Ha មេខ្លោង Li និងបក្ខពួករបស់គាត់ត្រូវបានចាប់ខ្លួនភ្លាមៗ និងរឹបអូសបានថ្នាំញៀនជាង ១១គីឡូក្រាម និងថ្នាំញៀនប្រភេទ P2P ចំនួន១.០៥៥លីត្រ ព្រមទាំងគ្រឿងចក្រសម្រាប់ផលិតថ្នាំញៀន រួមនឹងឯកសារពាក់ព័ន្ធផងដែរ ។
យ៉ាងណាក៏ដោយ តុលាការ បានច្រានចោលការលើកឡើងរបស់ពួកគេ ហើយបង្ហាញថា ភស្តុតាងដែលប្រមូលបាន និងសាក្សី គឺគ្រប់គ្រាន់ ដើម្បីកាត់ទោសពួកគេ តាមក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ។អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីនលើសពី ៦០០ក្រាម ឬមេតំហ្វេតាមីន លើសពី ២,៥គីឡូក្រាម ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត នៅប្រទេសវៀតណាម ។ ការផលិត ឬលក់ ហេរ៉ូអ៊ីន ១០០ក្រាម ឬ ៣០០ក្រាម នៃគ្រឿងញៀនខុសច្បាប់ផ្សេងទៀត ក៏ត្រូវផ្តន្ទាទោសដូចគ្នាដែរ ៕SP