លីបង់ៈកុមារម្នាក់បានស្លាប់ ហើយមនុស្ស ៤៥ នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកដែលដឹកជនចំណាកស្រុកប្រហែល ៦០ នាក់បានលិចនៅប្រទេសលីបង់ ជាកន្លែងដែលជនចំណាកស្រុកតែងតែឆ្លងកាត់ដោយសារតែវិបត្តិសេដ្ឋកិច្ច។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
លោក Ali Hamie រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា "មនុស្ស ៤៥នាក់ត្រូវបានជួយសង្គ្រោះ ហើយសាកសពកុមារម្នាក់" ត្រូវបានគេស្រង់ចេញពីទូកដែលបានលិចកាលពីថ្ងៃសៅរ៍ នៅជិតឆ្នេរសមុទ្រនៃទីក្រុង Tripoli ភាគខាងជើង។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១៥៧០នាក់ក្នុងនោះ ១៨៦នាក់ជាជនជាតិលីបង់ បានចាកចេញ ឬព្យាយាមចាកចេញតាមសមុទ្រពីប្រទេសលីបង់ចន្លោះខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២១។
មនុស្សភាគច្រើនសង្ឃឹមថានឹងទៅដល់ប្រទេស Cyprus សមាជិកសហភាពអឺរ៉ុប ដែលជាកោះមួយដែលមានចម្ងាយ ១៧៥ គីឡូម៉ែត្រ ។ ភាគច្រើននៃអ្នកដែលព្យាយាមចាកចេញពីលីបង់តាមសមុទ្រគឺជាជនភៀសខ្លួនស៊ីរី ប៉ុន្តែជនជាតិលីបង់បានចូលរួមក្នុងជួររបស់ពួកគេកាន់តែខ្លាំងឡើង។
សូមបញ្ជាក់ថា ទ្រីប៉ូលី គឺជាទីក្រុងទីពីររបស់ប្រទេសលីបង់ និងជាទីក្រុងក្រីក្របំផុតនៅលើសមុទ្រមេឌីទែរ៉ាណេ នេះបើយោងតាមកម្មវិធី Habitat របស់អង្គការសហប្រជាជាតិ៕SP