អ៊ុយក្រែននិយាយថា រុស្ស៊ីត្រៀមបើកការវាយលុកជាថ្មីនៅភាគខាងកើត ដើម្បីចូលគ្រប់គ្រងទីក្រុង Kharkiv
អ៊ុយក្រែន៖ក្រសួងការពារអ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងត្រៀមវាយប្រហារជាថ្មីនៅតំបន់ភាគខាងកើត ដើម្បីចូលគ្រប់គ្រងទីក្រុង Kharkiv និងឡោមព័ទ្ធសមរភូមិជួរភាគខាងកើតដ៏រឹងមាំរបស់ប្រទេសនេះ ខណៈមន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបានព្រមានថា រុស្ស៊ីកំពុងបង្កើនការវាយប្រហាររុលទៅមុខរបស់ខ្លួនជាថ្មីនៅក្នុងភាគខាងត្បូង និងខាងកើតរបស់ប្រទេសអ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក Oleksandr Motuzyanyk កាលពីថ្ងៃចន្ទ បាននិយាយថា រុស្ស៊ីកំពុងត្រួសត្រាយផ្លូវសម្រាប់ការវាយលុកលើរដ្ឋធានីក្នុងតំបន់ Severodonetsk តាមរយៈការវាយប្រហារលើទីប្រជុំជន Rubizhne និង Popasna ក្នុងតំបន់ Luhansk ហើយរុស្ស៊ីក៏កំពុងប្រមូលផ្តុំកម្លាំងដើម្បីដណ្តើមយកទីក្រុងកំពង់ផែ Mariupol ដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីអស់រយៈពេលជាង៤សប្តាហ៍កន្លងទៅ។
នៅក្នុងបទសម្ភាសន៍មួយ លោក Motuzyanyk ក៏បាននិយាយផងដែរថា កងទ័ពរុស្ស៊ីកំពុងចាកចេញពីប្រទេសបេឡារុស្សទៅកាន់ប្រទេសរុស្ស៊ី ហើយទីក្រុងមូស្គូកំពុងត្រៀមឃ្លាំងស្តុកឥន្ធនៈ និងគ្រាប់រំសេវនៅតាមតំបន់ជាប់ព្រំដែនភាគខាងកើតអ៊ុយក្រែន។ លោកបាននិយាយថា រុស្ស៊ីកំពុងរៀបចំបរិក្ខារពេទ្យសម្រាប់ ជួយទាហានដែលរបួសក្នុងចំណោមទាហានរបស់ខ្លួន៕SP