ជប៉ុនដាក់ទណ្ឌកម្មបន្ថែមនឹងកូរ៉េខាងជើង ក្រោយការធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីបជាច្រើនលើកច្រើនសារ
ជប៉ុន៖ រដ្ឋាភិបាលជប៉ុន បានសម្រេចអនុម័តទណ្ឌកម្មថ្មីទៀត ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ជុំវិញការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM នាពេលថ្មីៗនេះ បន្ទាប់ពីការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោន ឱ្យដាក់ទណ្ឌកម្មអន្តរជាតិកាន់តែតឹងរ៉ឹង ប្រឆាំងនឹងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃ ទី០១ ខែមេសា ឆ្នាំ២០២២។
ក្រុងតូក្យូបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើស្ថាប័នចំនួន៤ រួមជាមួយបុគ្គលចំនួន៩ ដែលពាក់ព័ន្ធជាមួយការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់អង្គភាពនិងបុគ្គលទាំងអស់នោះ នឹងត្រូវស្ថិតក្រោមការបង្កក។
សូមបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍មុន បានអះអាងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីល ហាសុង-១៧ (Hwasong-17) ជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) រយៈចម្ងាយឆ្ងាយ ដែលត្រូវក្រុមអ្នកវិភាគនិយាយថា អាចផ្ទុកក្បាលគ្រាប់បានច្រើន ខណៈវាបានបង្ហាញខ្លួនជាលើកដំបូងបំផុត ក្នុងក្បួនព្យុហយាត្រាយោធារបស់កូរ៉េខាងជើង កាលពីឆ្នាំ២០២០។ ប៉ុន្តែក្រោយមក កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានសន្និដ្ឋានថា តាមពិតមីស៉ីលដែលកូរ៉េខាងជើងបាញ់សាកល្បងនោះ គឺជាមីស៉ីល ICBM ស៊េរី Hwasong-15 ដែលទីក្រុងព្យុងយ៉ាងធ្លាប់ធ្វើតេស្តរួចហើយ កាលពីឆ្នាំ២០១៧៕SP