រុស្ស៊ីកែណ្ឌទាហាន ១៣៤.៥០០នាក់ ខណៈលោក Putin បានអះអាងថា ទាហានកែណ្ឌមិនចូលរួមក្នុងការវាយប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនទេ
រុស្ស៊ី៖ យោងតាមសារព័ត៌មាន Reuters ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃព្រហស្បត ដែលនឹងបន្ថែមទាហានកែណ្ឌចំនួន ១៣៤.៥០០នាក់មានអាយុចន្លោះពី ១៨ និង ២៧ឆ្នាំបញ្ចូលក្នុងទាហានរុស្ស៊ី ជាផ្នែកមួយនៃគម្រោងប្រចាំឆ្នាំក្នុងនិទាឃៈរដូវ។
ក្រឹត្យនេះបានកើតឡើង ៥សប្ដាហ៍បន្ទាប់ពីការចាប់ផ្ដើមចូលលុកលុយអ៊ុយក្រែន ពីសំណាក់ប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu កាលពីដើមសប្ដាហ៍នេះបាននិយាយថា ពុំមានទា ហានកែណ្ឌថ្មីណាម្នាក់ត្រូវបញ្ជូន ទៅកាន់តំបន់មានការវាយប្រយុទ្ធគ្នាខ្លាំងក្លានោះទេ ទោះបីជាក្រុង មូស្គូធ្លាប់មានបំណងលាក់បាំងការប្រើប្រាស់ទាហានកែណ្ឌ នៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។
លោក Putin បានអះអាងកាលពីដើមខែមីនាថា ទាហានកែណ្ឌរបស់រុស្ស៊ីមិនចូលរួមក្នុងការវាយប្រយុ ទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនទេ ជាទីដែលកងទ័ពរុស្ស៊ីបានបាត់បង់អាយុជីវិតច្រើនជាងការរំពឹងទុក ទោះបីជាចំនួនទាហានស្លាប់របស់ខ្លួនបច្ចុប្បន្នមិនត្រូវបានដឹងច្បាស់លាស់ក៏ដោយ។
ក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញថា ទាហានរុស្ស៊ីចំនួន ១,៣៥១នាក់បានស្លាប់ និង ៣,៨២៥នាក់រងរបួសកាលពីសប្ដាហ៍មុន ខណៈមន្ត្រីជាន់ខ្ពស់អង្គការណាតូនិយាយថា សម្ព័ន្ធយោធានេះបានប៉ាន់ប្រមាណថា ទាហានរុស្ស៊ីចន្លោះពី ៧,០០០នាក់ទៅ ១៥,០០០នាក់បានស្លាប់ចាប់តាំងពីចូលធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕SP