ប្រទេសបែលហ្ស៊ិក៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបែលហ្សិក Sophie Wilmes បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសបែលហ្ស៊ិកកំពុងបណ្តេញអ្នកការទូតរុស្ស៊ី ២១នាក់ចំពេលមានការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ក្រោមការសង្ស័យពីចារកម្ម។នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
លោក Wilmes ដែលបានធ្វើសេចក្តីប្រកាសទៅកាន់សភា និងនៅលើ Twitter បាននិយាយថា ការផ្លាស់ប្តូនេះត្រូវបានសម្របសម្រួលជាមួយប្រទេសជិតខាងរបស់ប្រទេសហូឡង់ ដែលបាននិយាយថា ខ្លួនកំពុងបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១៧នាក់ចេញ។ក្នុងនោះដែរ អៀរឡង់ក៏បានស្នើសុំអ្នកការទូតរុស្ស៊ីបួននាក់ឱ្យចាកចេញពីប្រទេស។ ទន្ទឹមនឹងនេះសាធារណរដ្ឋឆេកក៏បានបណ្តេញសមាជិកម្នាក់នៃបុគ្គលិកការទូតនៅស្ថានទូតរុស្ស៊ីនៅទីក្រុងប្រាកផងដែរ។
ការសម្រេចចិត្តនេះកើតឡើង ខណៈដែលប្រទេសលោកខាងលិចជាច្រើនផ្សេងទៀតក៏បានបណ្តេញអ្នកការទូតរុស្ស៊ី រួមទាំងសហរដ្ឋអាមេរិកផងដែរ ដែលបានបណ្តេញបុគ្គលិកស៊ើបការណ៍សម្ងាត់ចំនួន ១២ នាក់នៅដើមខែមីនា ភ្លាមៗបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។
ដោយឡែក ក្រសួងការបរទេសរុស្ស៊ីបានថ្កោលទោសការបណ្ដេញអ្នកការទូតរុស្ស៊ីចេញពីប្រទេសហូឡង់ ដោយហៅវាថាជា “ជំហានមិនរាក់ទាក់” និង ថាទីក្រុងឡាអេមិនមានចំណាប់អារម្មណ៍ “ក្នុងការរក្សាបណ្តាញទំនាក់ទំនងការទូត”៕SP