​​អា​រ៉ា​ប៊ី​សា​អូឌីត៖ ក្រុម​ឧទ្ទាម​ហួ​ធី​ប្រទេស​យេ​ម៉ែន​ បាន​វាយប្រហារ​ឃ្លាំង​ស្តុក​ប្រេង​មួយ​កន្លែងកាលពី​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង Jiddah ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មុន​ពេល​ការ​ប្រណាំង​រថយន្ត Formula One នៅ​ក្នុង​ប្រទេស​នេះ​។​នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

 

អ្នកនាំពាក្យ​របស់​ក្រុម​ហួ​ធី​ប្រទេស​យេ​ម៉ែន​និយាយ​ថា ​ក្រុម​ឧទ្ទាម​បាន​កំណត់គោល​ដៅ​លើ​ទីតាំង​ក្រុ​មហ៊ុ​ន​ប្រេង Aramco ក្នុង​ទីក្រុង Jiddah ក៏ដូចជា​ទីតាំង​សំខាន់ៗនៅ​ក្នុង​រដ្ឋធានី​រី​យ៉ា​ត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​បាញ់​មី​ស៊ី​ល​ផ្លោង និង​យន្តហោះ​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ឆ្ពោះ​ទៅ​រក​ទី​តាំង​ក្រុមហ៊ុន​ប្រេង Aramco ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ទីតាំង​សំខាន់ៗ​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​។​

 

ការវាយប្រហារ​បាន​ផ្តោត​គោលដៅ​លើ​ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​ដូចគ្នា ដែល​ក្រុម​ហ៊ូ​ធី​បាន​វាយប្រហារ​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​លើ​រោងចក្រ North Jiddah Bulk Plant ស្ថិតនៅ​ភាគ​អាគ្នេយ៍​អាកាស​យានដ្ឋាន​អន្តរជាតិ​របស់​ទីក្រុង និង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​អ្នកធ្វើ​ធម្ម​យាត្រា​មូស្លីម​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Mecca។​ ​ការវាយប្រហារ​នេះ​បាន​កើតឡើង​ នៅ​ពេល​ដែល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅតែ​ដឹកនាំ​ក្រុមចម្រុះ ​ប្រយុទ្ធ​ជាមួយ​ក្រុម​ហួ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​បាន​ដណ្ដើម​យក​រដ្ឋធានី​សា​ណារបស់​ប្រទេស​យេ​ម៉ែន ​កាលពី​ខែ​កញ្ញា ​ឆ្នាំ២០១៤៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ