រដ្ឋាភិបាលថៃសម្រេចអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យសង្ក្រាន្តឡើងវិញ តែពុំអនុញ្ញាតឱ្យ ពិសាគ្រឿងស្រវឹង និងលេងជះទឹក
បាងកក៖រដ្ឋាភិបាលថៃ សម្រេចអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យសង្ក្រាន្តនៅខែក្រោយ ប៉ុន្តែក្រោមលក្ខណមួយចំនួនដូចជាមិនអនុញ្ញាតឱ្យមានការពិសារគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍នានា ការលេងពពុះសាប៊ូ ការលេងជះទឹក និងការលាបម្សៅ នឹងត្រូវបានហាមឃាត់។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ របស់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងជំងឺ COVID-19 (CCSA) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Prayut Chan-o-cha ។ លោក Prayut ក៏បានណែនាំដល់ភ្នាក់ងារទាំងអស់ឱ្យតាមដានយ៉ាងដិតដល់ នូវការលេចចេញនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង BA.2.2 ដើម្បីតាមដានការធ្វើតេស្ត, ប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ និងការឆ្លើយតបទៅនឹងការព្យាបាល។
ក្នុងនោះលើកលែងសកម្មភាពដូចជា៖ ការស្រង់ទឹកឱ្យព្រះពុទ្ធបដិមា ការស្រោចទឹកលើដៃមនុស្សចាស់ក្នុងការសុំពរជ័យ និងសកម្មភាពផ្សេងៗទៀតនៅវត្តអារាម គឺអាចធ្វើទៅបាន។ CCSA បាននិយាយថា ព្រឹត្តិការណ៍ដែលបានរៀបចំទាំងអស់ត្រូវតែស្ថិតនៅក្នុងការកំណត់ដែលគ្មានហានិភ័យ COVID-19 ៕SP