រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំរុញឱ្យមន្រ្តីយកចិត្តទុកដាក់ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់
សៀមរាប ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប។ ក្នុងពិធីនោះ សម្ដេច បានជំរុញឱ្យមន្រ្តីទាំងអស់ចូលរួមទប់ស្កាត់ ទប់ស្កាត់ការទន្រ្ទានព្រៃខុសច្បាប់។
សម្តេច ទៀ បាញ់ បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ នោះ ដោយស្នើឱ្យរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ សហការជាមួយក្រសួងស្ថាប័ននានា ក្នុងការរៀបចំកំណត់តំបន់បោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងដីគម្របព្រៃឈើក្នុងតំបន់ការពារធម្មជាតិនានា។
សម្ដេច បន្ដថា ក្នុងនោះ ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទទាំងនោះឱ្យរីករាលដាល ស្មុគស្មាញ ពិបាកក្នុងការដោះស្រាយ ហើយនៅក្នុងការដោះស្រាយវិវាទដីធ្លី ជម្លោះ និងការទាមទារតវ៉ានានានៅមូលដ្ឋាន ត្រូវខិតខំបញ្ចៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសកម្មភាពចូលទន្ទ្រានកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ និងទប់ស្កាត់កុំឲ្យមានការរុករានទន្ទ្រាន កាន់កាប់ដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត។ ការទន្ទ្រានកាន់កាប់ដីធ្លីនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ត្រូវអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។
បន្ថែមពីនោះ សម្តេច ទៀ បាញ់ បានស្នើដល់អាជ្ញាធរភូមិ ឃុំ មិនត្រូវចុះហត្ថលេខាលើឯកសារ ទិញលក់ផ្ទេរកម្មសិទ្ធិ និងឯកសារកាន់កាប់ដីធ្លី ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនោះឡើយ។ ត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សព្វផ្សាយឱ្យបានយល់ច្បាស់អំពីច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគាត់ចូលរួមសហការក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិឱ្យបានគង់វង្ស ជាពិសេស គឺព្រៃឈើនៅតំបន់ភ្នំគូលែន ត្រូវតែការពារឱ្យបានព្រោះវាជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ខេត្តសៀមរាប៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ