ខេត្តកែប៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នេះ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់រូប សំណាកព្រាបស ស្ថិតនៅ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើមផ្លូវលេខ១៣៣៥ ឆ្ពោះទៅកាន់តំបន់ភ្នំវល្លិ៍។ 

លោក សោម ពិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់ថា ការសាងសង់រូបសំណាកព្រាបស នៅលើទីតាំងនេះ គឺចង់បញ្ជាក់អំពីតំលៃ និងនិមិត្តរូបនៃសន្តិភាព ដែលបង្កឱកាសឱ្យយើងទាំងអស់គ្នា អភិវឌ្ឍសហគមន៍ ក៏ដូចជាប្រទេសជាតិយើងអោយមានការរីកចំរើន ។

លោក អភិបាលខេត្ត បន្ថែមថា រូបសំណាក់ព្រាបស ត្រដាងស្លាប នាដើមផ្លូវលេខ១៣៣៥នេះនឹងធ្វើអោយអ្នកដំណើរតាមផ្លូវជាតិលេខ ៣៣ ងាបមកចាប់រម្មណ៍ ទីតាំងនៃតំបន់ អេកូទេសចរណ៍ និងកសិទេសចរណ៍ភ្នំវល្លិ៍ ដែលពោពេញដោយ ទេសភាពដំណាំកសិកម្ម ព្រៃភ្នំដ៏ខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធ ហើយទៅថ្ងៃអនាគត ទីតាំងនេះ ក៏នឹងក្លាយទៅជាតំបន់កសិឧស្សហកម្ម ផងដែរ។ 

លោក អះអាងថា នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់ភ្នំវល្លិ៍អោយដូចជាសសៃឈាម និងជាផ្នែកមួយនៃតំបន់ទេសចរណ៍របស់ខេត្តកែប ដែលភ្ញៀវទេសចរណ៍អាចមកលេង ទឹកសមុទ្រ ញ៉ាំអាហារសមុទ្រដ៏មានឱជារស ហើយបន្តដើរកំសាន្តអេកូទេសចរណ៍ លើខ្នងភ្នំវល្លិ៍ និងកសិទេសចរណ៍នៃតំបន់នេះថែមទៀត ។

សូមបញ្ជាក់ថា រូបសំណាក ព្រាបស នេះ សាងសង់មានទម្រខឿនកំពស់បីថ្នាក់ និងរចនាព្រាបស ត្រដាងស្លាប ទុំពីលើកន្ត្រក់ពេញដោយផ្លែឈើចំរុះ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ