ជប៉ុន៖គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត៧.៣រ៉ិចទ័រ បានវាយប្រហារភាគខាងជើងឆៀងខាងកើតប្រទេសជប៉ុន នៅរាត្រីថ្ងៃពុធ ក្នុងជម្រៅ៥៧គីឡូម៉ែត្រ។ បើតាមមន្ត្រីនិយាយថា មនុស្ស២នាក់បានស្លាប់និងយ៉ាងហោចណាស់៩០នាក់បានរងរបួស។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនNHK នៅថ្ងៃទី១៧ មីនា ឆ្នាំ២០២២។

ក្នុងចំណោមអ្នកស្លាប់ទាំងពីរនាក់ មានម្នាក់នៅក្នុងទីក្រុងSoma នៃខេត្តFukushima អាយុ៦០ឆ្នាំ ខណៈម្នាក់ទៀតត្រូវបានគេរាយការណ៍នៅខេត្តMiyagi។ មនុស្សមួយចំនួននៅទូទាំងភាគឦសានប្រទេសជប៉ុន បានរងរបួសដោយសារតែត្រូវវត្ថុធ្លាក់លើ។ ចំណែកនៅក្នុងទីក្រុងតូក្យូវិញ អាគារនានាក៏បានរង្គើដែរ ដោយសារតែកម្លាំងរញ្ជួយដីនេះ។

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បានចេញសេចក្តីណែនាំសម្រាប់រលកយក្សស៊ូណាមិ ដែលមានកម្ពស់១ម៉ែត្រ សម្រាប់ផ្នែកខ្លះនៃឆ្នេរសមុទ្រភាគឦសាន ប៉ុន្តែក្រោយមកទូរទស្សន៍ជប៉ុនNHK បានរាយការណ៍ថា ការព្រមានពីរលកយក្សស៊ូណាមិ ត្រូវបានដកចេញវិញហើយ។

សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីគ្រោះរញ្ជួយដី ផ្ទះប្រហែល ៧០០,០០០ ខ្នងក្នុងទីក្រុងតូក្យូ និង ១៥៦,០០០ នៅភាគឦសានរបស់ប្រទេសជប៉ុន គ្មានភ្លើងប្រើប្រាស់ទេ ប៉ុន្តែការផ្គត់ផ្គង់ត្រូវបានស្ដារឡើងវិញដល់គ្រួសារជាច្រើនចាប់តាំងពីពេលនោះមក។ ចំពោះករណីការរញ្ជួយដីកម្រិត៧.៣ រ៉ិចទ័រនេះ បានវាយប្រហារចំតំបន់ដូចគ្នា ជាកន្លែងដែលការរញ្ជួយដីដ៏ធំមួយបានបង្កឱ្យមានមហន្តរាយនុយក្លេអ៊ែរFukushima កាលពី ១១ ឆ្នាំមុន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ