ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានកោតសរសើរចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៧ ឆ្នាំ២០២៣ បានដោយរលូន។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានសរសើរចំពោះ សម្ដេច ស ខេង បែបនេះបន្ទាប់ពីអានព័ត៌មាន ស្តីពី សម្តេច ជំរុញអភិបាលរាជធានី-ខេត្ត ធ្វើយ៉ាងណាកែលម្អបរិយាកាសសម្រាប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងក្រសួងមហាផ្ទៃ អាចដំណើរការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាពេលខាងមុខ បានដោយរលូន។

ជុំវិញបញ្ហានេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលិខិតគោរជូន សម្ដេច ស ខេង ថា «ខ្ញុំ សូមសម្ដែងនូវការគោរពចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្ដេចក្រឡាហោម ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោត»។

លោកទូត បន្ដថា ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយសម្តេចក្រឡាហោម លើការងារលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍធនធានមនុស្សដែឡសម្តេចក្រឡាហោម និងកំពុងខិតខំប្រឹងប្រែង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ