អ៊ុយក្រែននិយាយថា សាលារៀនជិត៣០០ត្រូវបានវាយប្រហារចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយរបស់រុស្ស៊ី
អ៊ុយក្រែន៖ រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា កន្លែងអប់រំជាង ជិត២៨០ត្រូវបានខូចខាត ឬបំផ្លាញដោយ "ការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោង"។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
លោក Serhiy Shkarlet បាននិយាយថា៖ «សត្រូវបំផ្លាញសាលាមត្តេយ្យ សាលារៀន សាលាវិជ្ជាជីវៈ មហាវិទ្យាល័យ សាកលវិទ្យាល័យយ៉ាងសាហាវឃោរឃៅ។ «ប៉ុន្តែការបាត់បង់ដ៏ឃោរឃៅ និងឈឺចាប់បំផុតគឺមនុស្សរាប់រយនាក់បានបាត់បង់ជីវិតក្រោមកណ្តាប់ដៃអ្នកឈ្លានពាន»។
ជាមួយគ្នានេះ កាលពីល្ងាចថ្ងៃពុធទី៩មីនា អាគារមន្ទីរសម្ភព និងមន្ទីរពេទ្យកុមារមួយកន្លែង នៅទីក្រុងម៉ារីយូប៉ូល ត្រូវបានកម្ទេចដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី។ យ៉ាងហោចណាស់ មានមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានក្មេងស្រីតូចម្នាក់ និងបុគ្គលិកពេទ្យ១៧នាក់ រងរបួសធ្ងន់។ រដ្ឋាភិបាលប្រទេសលោកខាងលិច បានប្រកាសថ្កោលទោស ចំពោះអំពើដ៏ព្រៃផ្សៃគ្មានធម៌មេត្តានេះ របស់កងទ័ពរុស្ស៊ី។
គួរបញ្ជាក់ថា អស់រយៈពេលប្រមាណ១០ថ្ងៃហើយ ដែលទីក្រុងម៉ារីយូប៉ូល ត្រូវបានកងទ័ពរុស្ស៊ីឡោមព័ទ្ធជិត និងបន្តទម្លាក់គ្រាប់បែកសឹងមិនលោះថ្ងៃ។ យោងតាមតួលេខរបស់សាលាក្រុងនេះ គឺមានប្រជាជនស៊ីវីលស្លាប់ ចំនួន ១២០៧នាក់ គិតត្រឹមថ្ងៃពុធទី៩មីនា។ ដោយឡែក តួលេខបូកសរុបរបស់អង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃពុធ ស្រាប់ភាគីអ៊ុយក្រែន គឺមានប្រជាជនស៊ីវីល ស្លាប់ចំនួន ៥១៦នាក់ និងទាហានស្លាប់៨០០នាក់ នៅទូទាំងប្រទេសអ៊ុយក្រែន។ សង្គ្រាមឈ្លានពានរបស់រុស្ស៊ី២សប្ដាហ៍មកនេះ បានរុញច្រានឲ្យប្រជាជនអ៊ុយក្រែន ជាង២លាននាក់ហើយ ត្រូវរត់ភៀសខ្លួន៕SP