ភ្នំភ្លើង Merapi នៅឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្សជាង២០០នាក់ ត្រូវជម្លៀសខ្លួនខណៈកម្ទេចផេះបានធ្លាក់គ្របដណ្តប់លើភូមិមួយចំនួន
ឥណ្ឌូនេស៊ី៖ ភ្លើងឈ្មោះ មេរ៉ាពី (Merapi) បានផ្ទុះកាលពីយប់ថ្ងៃពុធម្សិលមិញ ដោយវាបានជះកម្អែភ្លើងនិងផេះចេញពីមាត់ភ្នំភ្លើង ចុះទៅតាមជម្រាលភ្នំ ដែលជាហេតុធ្វើឱ្យប្រជាជនសរុបជាង២៥០នាក់ ដែលរស់នៅក្បែរៗនោះ ត្រូវជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។
ហេតុការណ៍ផ្ទុះភ្នំភ្លើង Merapi ដែលស្ថិតនៅព្រំប្រទល់រវាងខេត្តជ្វាកណ្តាល និងខេត្តយោគយ៉ាការតា កើតឡើង កំលុងពេលយប់កណ្តាលអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ។ កំអែភ្លើងនិងផេះដែលវាបញ្ចេញមក បានហូរចុះតាមជម្រាលភ្នំចម្ងាយ៥គីឡូម៉ែត្រ។
អាជ្ញាធរឥណ្ឌូណេស៊ី បានឱ្យដឹងថាមនុស្សចំនួន២៥៣នាក់ ដែលរស់នៅតំបន់ក្បែរភ្នំភ្លើង ត្រូវបានជម្លៀសចេញទៅកាន់ទីសុវត្ថិភាព ខណៈកម្ទេចផេះបានធ្លាក់គ្របដណ្តប់លើភូមិឋានមួយចំនួន។ ទោះជាបែបនេះក្តី ពុំទាន់មានសេចក្តីរាយការណ៍អំពី មនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នៅឡើយទេ៕SP