សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងបានជ្រើសរើសលោក Yoon Suk-yeol មកពីគណបក្សអភិរក្សនិយមកម្លាំងប្រជាជន ជាប្រធានាធិបតីទី២០ របស់ខ្លួនកាលពីថ្ងៃពុធ។ លោក Yoon បានប្រកាសជ័យជម្នះក្នុងការប្រកួតប្រជែងដ៏ប្រកៀកប្រកិត ជាមួយនឹងបេក្ខជនប្រធានា ធិបតីលោក Lee Jae-myung មកពីគណបក្សកាន់អំណាចប្រជាធិបតេយ្យ។

អ្នកនយោបាយថ្មីថ្មោងមកពីគណបក្សអំណាចប្រជាជនបានយកឈ្នះលើលោក Lee Jae-myung មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចដោយមានសំឡេងឆ្នោតគាំទ្រ ៤៨.៦% ដល់ ៤៧.៨%។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសនេះបានឲ្យដឹងថា ប្រហែល ៧៧% នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតចំនួន ៤៤លាននាក់របស់ប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោត។ លោក Yoon នឹងជំនួសតំណែងប្រធានាធិបតីលោក Moon Jae-in។

គួរបញ្ជាក់ដែរ ថាមន្ត្រីជាន់ខ្ពស់ម្នាក់ មកពីគណបក្សប្រឆាំងលោក Hong Joon Pyo បានធ្វើការទស្សទាយថា នៅក្រោយការប្រកាសលទ្ធផលនេះ ប្រសិនបើបេក្ខភាព ណាម្នាក់ចាញ់ឆ្នោតនោះ នឹងអាចប្រឈមមុខទៅនឹង ការដាក់ទោសទណ្ឌជាមិនខាន ពីព្រោះថានៅក្នុងយុទ្ធនាការកន្លងមក បេក្ខភាពទាំងពីរបានធ្វើការចោទប្រកាន់គ្នា ធ្ងន់ៗទៅលើករណី ជាប់ចោទមួយចំនួន ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ