និយតករទំនាក់ទំនងរបស់រុស្ស៊ីរារាំងការផ្សព្វផ្សាយរបស់ Google News ជុំវិញព័ត៌មាន "មិនពិតប្រាកដ" ស្តីពីសង្គ្រាមខ្លួន និងអ៊ុយក្រែន
ទីក្រុងម៉ូស្គូល៖ ទីភ្នាក់ងារព័ត៌មាន Interfax បាននិយាយកាលពីថ្ងៃពុធថា និយតករទំនាក់ទំនងរបស់រុស្ស៊ីបានរារាំង Google's News ដោយចោទប្រកាន់សេវាកម្មប្រមូលព័ត៌មានថាបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីប្រតិបត្តិការយោធារបស់ប្រទេសនេះនៅក្នុងប្រទេសអ៊ុយក្រែន។នេះបើតាមការចេញផ្សាយរបស់សាព័ត៌មានAljazeera នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
ចំណែកGoogle បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "យើងបានបញ្ជាក់ថាមនុស្សមួយចំនួនមានការពិបាកក្នុងការចូលប្រើកម្មវិធី Google News និងគេហទំព័រនៅក្នុងប្រទេសរុស្ស៊ី ហើយនេះមិនមែនដោយសារតែបញ្ហាបច្ចេកទេសនោះ តែដោយសារតែការរារាំងពីរដ្ឋាភិបាលរុស្ស៊ី" ។"យើងបានខិតខំប្រឹងប្រែងរក្សាសេវាកម្មព័ត៌មានដូចជា News សម្រាប់មនុស្សក្នុងប្រទេសរុស្ស៊ីឱ្យបានយូរតាមដែលអាចធ្វើទៅបាន។"
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះក៏បានប្រកាសកាលពីដើមខែនេះថា ខ្លួននឹងឈប់លក់ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតទាំងអស់នៅក្នុងប្រទេសរុស្ស៊ី។
លោក Belinda Barnet សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne ដែលជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបច្ចេកវិទ្យាបានប្រាប់ Al Jazeera ថា ការផ្លាស់ប្តូរនេះគឺស្របទៅនឹងបំណងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការ "គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើព័ត៌មានផ្សេងៗដល់ពលរដ្ឋរុស្ស៊ី" ៕SP