ភ្នំពេញ៖លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ អាជ្ញាធរនឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងប្ដឹងទៅតុលាការតាមកំហុសជាក់ស្ដែង ចំពោះអ្នកដែលទុកដាក់សំណល់រឹង មិនបានបែងចែកឱ្យបានត្រឹមត្រូវរវាងសំរាមសើម និងសំរាមស្ងួត និងការបញ្ចេញសំរាមខុសម៉ោងខុសពេលកំណត់។ 

ការលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយ ការគ្រប់គ្រងសំណង់រឹងនៅរាជធានីភ្នំពេញជាមួយមេភូមិ ចៅសង្កាត់ ខណ្ឌចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

ការជួបជុំគ្នានាពេលនេះ គឺមានបំណងផ្សព្វផ្សាយ ពីការគ្រប់គ្រង ទុកដាក់សំរាម សំណង់រឹងនៅរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ មុននឹងឈានទៅដាក់ការផាកពិន័យទៅតាមច្បាប់។ លោកបន្ដថា ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង ចាប់ពីដើមខែ រហូតដល់ចុងខ្សែ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ។ 

លោកបានបន្ដថា មានក្រុមហ៊ុនចំនួន០៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ។លោកអភិបាលរងបានបន្ថែមថា  ដើម្បីឱ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលបានធ្វើការណែនាំអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង ក្នុងនោះ សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។ ត្រូវញែកសំរាម សំណល់រឹង ជាពីរ ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា។

ចំពោះសំរាមសើម ដែលមានដូចជាសំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់នៅក្នុងថង់ពណ៌ខ្មៅ។ ចំណែកសំរាមស្ងួត ដូចជា ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទិក ហ្វូម ជ័រ ដែក កំប៉ុង ដបជាដើម ត្រូវដាក់ក្នុង ថង់ពណ៌ស។ ក្រុមហ៊ុននឹងធ្វើការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលបានដាក់ក្នុងថង់ដែលបានកំណត់ ទាំង ពីរប្រភេទនេះតែប៉ុណ្ណោះ ទៅតាមកម្មវិធីដាច់ដោយឡែកពីគ្នា។ សម្រាប់ការដាក់សំរាម សំណល់រឹង ក្នុងថង់ពណ៌ផ្សេងក្រៅពីពណ៌ខ្មៅ និងពណ៌ស ក្រុមហ៊ុននឹងមិនប្រមូលឡើយ។  ក្រៅពីនេះ ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំជាមួយនឹងសំរាមសើម និងសំរាមស្ងួត។ ត្រូវទុកដាក់សំណល់ដែលបង្កគ្រោះថ្នាក់ទាំងនេះចូលក្នុងធុងសំរាម ឬប្រអប់ដោយឡែកឱ្យបាន ត្រឹមត្រូវ ដោយក្រុមហ៊ុននឹងប្រមូលនៅរៀងរាល់ថ្ងៃអាទិត្យ។

ក្នុងករណីទុកដាក់ខុសពីការណែនាំនេះ ក្រុមការងារផាកពិន័យ និងធ្វើកំណត់ហេតុអំពីកំហុសឆ្គងលើកទី១ ហើយបើនៅតែទុកដាក់ខុសទៀត នឹងទទួលការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងប្ដឹងទៅតុលាការ តាមកំហុសជាក់ស្ដែង៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ