ភ្នំពេញ ៖ លោក Lee Hsien Loong នាយករដ្ឋមន្ត្រី នៃសិង្ហបុរី បានឯកភាពជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន មានការប្រជុំ ដើម្បីពិនិត្យមើលការងារ របស់ប្រេសិតពិសេស នៃប្រធានអាស៊ា ក្នុងកាលៈទេសៈនេះ ត្រូវជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោះស្រាយវិបត្តិនយោបាយ ។

ក្នុងជំនួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា គោលបំណងរបស់ សម្ដេច ទៅមីយ៉ាន់ម៉ា ដើម្បីជួយដោះស្រាយ វិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេស ធ្វើយ៉ាងណាបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់នេះ និងមួយទៀត ទាក់ទងទៅនឹងការ ផ្ដល់អំណោយមនុស្សធម៌ ដែលប្រជាជនមីយ៉ាន់ម៉ា កំពុងត្រូវការជាចាំបាច់នោះ ព្រមទាំងជំរុញឲ្យមានការសន្ទនា ដែលជាការងារចាំបាច់ ក្នុងនាម សម្ដេច ជាប្រធានអាស៊ាន ឆ្នាំ២០២២ ។

នាឱកាសនោះ លោក Lee Hsien Loong ពិតជាមានការគាំទ្រ ចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ជាពិសេស ក្នុងនាមជាប្រធានអាស៊ាន រួមទាំងការងារប្រេសិតពិសេស របស់ប្រធានអាស៊ាននេះ ។ ពាក់ព័ន្ធទៅនឹងដំណើរការខាងមុខ តើត្រូវធ្វើដូចម្ដេចទៀតនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរមតិយោបល់គ្នាផងដែរ ដើម្បីស្វែងរកដំណោះស្រាយ។

លើសពីនេះទៀត លោក Lee Hsien Loong ក៏បានឯកភាពជាមួយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ថា ការងារបន្ត គឺទុកឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន មានការប្រជុំ ដើម្បីពិនិត្យមើលការងារបន្តទៀត ជាពិសេស ការងាររបស់ប្រេសិតពិសេស នៃប្រធានអាស៊ាននេះ ដែលក្នុងកាលៈទេសៈនេះ ត្រូវតែមានការជួយដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិនយោបាយនេះ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ