ព្រះអង្គម្ចាស់ Andrew របស់ចក្រភពអង់គ្លេសត្រូវបានដកតំណែងជារាជវង្ស និងយោធាព្រោះរឿងអាស្រូវផ្លូវភេទ
អង់គ្លេស៖ កាលពីថ្ងៃព្រហស្បតិ៍ គ្រួសាររាជវង្សបានកាត់ផ្តាច់ទំនាក់ទំនងយោធា និងការឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ Andrew ហើយបាននិយាយថា ទ្រង់នឹងលែងត្រូវបានគេស្គាល់ថាជា "ព្រះអង្គម្ចាស់" ខណៈដែលទ្រង់ជាព្រះរាជបុត្ររបស់ម្ចាស់ក្សត្រី Elizabeth បានទទួលរងពាក្យបណ្តឹងក្នុងប្រទេសអាមេរិកដែលបានចោទប្រកាន់ពីបទបំពានផ្លូវភេទ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២។
ព្រះអង្គម្ចាស់ Andrew មានព្រះជន្ម ៦១ឆ្នាំ ជាព្រះអង្គម្ចាស់ Duke of York ត្រូវបានបង្ខំឲ្យចុះចេញពីតួនាទីសាធារណៈកាលពីឆ្នាំ ២០១៩ ដោយសារតែការជាប់ពាក់ព័ន្ធទៅនឹងជនល្មើសផ្លូវភេទរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Jeffrey Epstein ។ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ BBC ព្រះអង្គសង្ឃឹមថានឹងសាងភាពស្អាតស្អំរបស់ទ្រង់វិញ។
ការសម្រេចចិត្តដកយកតួនាទីយោធា និងការឧបត្ថម្ភពីព្រះរាជវាំងរបស់ព្រះអង្គម្ចាស់ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយក្នុងចំណោមសមាជិកព្រះរាជវង្សជាន់ខ្ពស់ ក្នុងនោះមានដូចជាព្រះអង្គម្ចាស់វែល Charles និងព្រះអង្គម្ចាស់ William ជាដើម។
រឿងរ៉ាវរំជើបរំជួលបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីទាហានជើងចាស់ជាង១៥០នាក់បានសរសេរលិខិតថ្វាយព្រះមហាក្សត្រិយ៍ឲ្យដកតួនាទីទាហានពីព្រះអង្គម្ចាស់ Andrew ដោយសារពួកគាត់និយាយថា មានការខូចចិត្ត និងកំហឹង ជាច្រើនជុំវិញរឿងអាស្រូវនេះ ស្ត្រីឈ្មោះ Giuffre ឥឡូវអាយុ៣៨ឆ្នាំបាននិយាយថា នាងត្រូវបានបង្ខំឲ្យរួមភេទជាមួយព្រះអង្គម្ចាស់តាំងពីអាយុ១៧ឆ្នាំ៕SP