ភ្នំពេញ ៖ លោក Rho Hyunjun ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានបន្តគាំទ្រកម្ពុជា ដែលជាប្រទេសអាទិភាពខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការ ហើយចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ KOICA ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារដល់ប្រទេសកម្ពុជា។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Virtual Meeting) លោក Rho Hyunjun បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់សម្រេចបានសមិទ្ធផលយ៉ាងធំធេង រហូតមកដល់បច្ចុប្បន្ន និងការដាក់ចេញនូវវិធានការយ៉ាងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ រហូតឈានដល់ការបើកប្រទេសឱ្យដំណើរការឡើងវិញ លើគ្រប់វិស័យ ។
លោកប្រធាន KOICA បានបញ្ជាក់ជំហរថា «បន្តគាំទ្រដល់កម្ពុជា ដែលជាប្រទេសអាទិភាពខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការ។ ចាប់តាំងពីឆ្នាំ១៩៩១ ដល់ ឆ្នាំ២០២១ KOICA បានបើកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារអាមេរិក ហើយបច្ចុប្បន្ន KOICA មានគម្រោងចំនួន ១៦ ជាមួយថវិកាប្រមាណ ១២៦.៥ លានដុល្លារអាមេរិក»។
លើសពីនេះ KOICA បានផ្តល់កម្មវិធីសហប្រតិបត្តិការជាច្រើន ដូចជាការបញ្ជូនអ្នកជំនាញការ និងអ្នកស្ម័គ្រចិត្តកូរ៉េ, កម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លី និងកម្មវិធីអាហារូបករណ៍រយៈពេលវែង, កម្មវិធីភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងការឧបត្ថម្ភសម្ភារវិជ្ជសាស្ត្រ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកប្រធាន KOICA បានបន្ថែមថា ទន្ទឹមនឹងការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលព្យាបាលភ្នែក នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង គម្រោងបង្កើនសមត្ថភាពមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក ដែលកំពុងសាងសង់ក្រោមហិរញ្ញប្បទានឥតសំណង របស់សាធារណរដ្ឋកូរ៉េ មានថវិកា ៨ លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់នាចុងខែមីនា ឆ្នាំ២០២២។
ជាការឆ្លើយតប លោករដ្ឋមន្រ្ដី ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ KOICA ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគម្រោងដែលឆ្លើយតបនឹងអាទិភាព នៃក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៣៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ