អ្នកទេសចររុស្ស៊ីរាប់ពាន់នាក់ជុំវិញពិភពលោកកំពុងជាប់គាំង និងត្រូវបានទុកចោល ក្រោយសហភាពអឺរ៉ុបបិទការហោះហើរទាំងអស់
អឺរ៉ុប៖ យោងតាមសមាគមទីភ្នាក់ងារទេសចរណ៍នៃប្រទេសរុស្ស៊ី បានឲ្យដឹងថា ភ្ញៀវទេសចរជាង ២៧,០០០នាក់ ត្រូវបានទុកចោលនៅជុំវិញពិភពលោក បន្ទាប់ពី សហភាពអឺរ៉ុប និងកាណាដា បានបិទដែនអាកាសរបស់ពួកគេ ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។
ភ្ញៀវទេសចរជាង ២៧,០០០នាក់បានជាប់គាំងនៅក្នុងអឺរ៉ុប ប្រទេសនៅតំបន់ការ៉ាអ៊ីប និងអាមេរិក ព្រមទាំងនៅតំបន់ផ្សេងទៀត នេះបើយោងតាមសេចក្ដីថ្លែងការណ៍ចេញដោយ សមាគមទីភ្នាក់ងារធ្វើដំណើររបស់រុស្ស៊ីកាលពីថ្ងៃចន្ទ។ អ្នកដើរកម្សាន្តអំឡុងពេលឈប់សម្រាកប្រមាណ ២០០នាក់បានជាប់លើតំបន់ Madeira ដែលជាកោះរបស់ព័រទុយហ្គាល់នៅក្នុងសមុទ្រអាត្លង់ទិចភាគខាងលិច។
យោងតាមសេចក្ដីថ្លែងការណ៍ចេញដោយសមាគមទីភ្នាក់ងារធ្វើដំណើររបស់រុស្ស៊ី បណ្ដាទីភ្នាក់ងារធ្វើដំណើរកំពុងប្រញាប់ប្រញាល់ស្វែងរកផ្លូវ ដែលអាចទៅបានសម្រាប់អតិថិជនរបស់ខ្លួន ខណៈក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោលជើងហោះហើរ ដែលមិនត្រឹមតែទៅកាន់តំបន់អឺរ៉ុបប៉ុណ្ណោះទេ តែទាំងប្រទេសនៅតំបន់អាមេរិកខាងជើង និងកណ្ដាលទៀតផង។
ជាមួយគ្នានេះ ក្រុមហ៊ុន Aeroflot ដែលជាក្រុមហ៊ុនដឹកអ្នកដំណើររបស់រុស្ស៊ី បានលុបចោលជើងហោះហើរទៅកាន់ក្រុង New York, Washington, Miami, Los Angeles ព្រមទាំងទីក្រុង Cancun ប្រទេសម៉ិកស៊ិកផងដែរ៕SP