អ៊ឺរ៉ុប៖លោក ហ្សូសេព បូរែល ប្រមុខការទូតអឺរ៉ុបនិយាយថាការសុំចូលជាសមាជិកមួយៗអាចត្រូវការពេលរាប់ឆ្នាំឯណោះ។ការលើកឡើងរនេះបន្ទាប់ពី លោកប្រធានធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានស្នើសុំចូលជាបន្ទាន់ក្នុងសហភាពអឺរ៉ុប។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិយាយថាជាដំបូងអ៊ុយក្រែនត្រូវដាក់ពាក្យស្នើសុំផ្លូវការជាមុនសិន ហើយបន្ទាប់មកទៀតត្រូវទទួលបានការយល់ព្រមពីរដ្ឋជាសមាជិកប្លុកទាំងអស់ មុននឹងឈានដល់ការសម្រេចថាទទួលឬមិនទទួលសមាជិកភាពថ្មីរបស់ក្រុងគៀវនេះ។

នៅក្នុងសុន្ទរកថាជាវីដែអូថ្មី មេដឹកនាំអ៊ុយក្រែនវ័យ ៤៤ឆ្នាំរូបនេះបានឆ្លៀតនិយាយថា`គោលដៅរបស់អ៊ុយក្រែនគឺរួមរស់នៅជាមួយប្រទេសអឺរ៉ុបទាំងអស់ ហើយអ្វីដែលសំខាន់បំផុតនោះគឺការមានឱកាសស្មើគ្នា។ លោកថានេះគឺជារឿងត្រឹមត្រូវ ហើយវាអាចទៅរួច។ លោកបានចេញមុខជាថ្មីជំរុញអឺរ៉ុបឱ្យឆាប់ផ្តល់សមាជិកភាពដល់អ៊ុយក្រែនតាមរយៈនីតិវិធីពិសេសថ្មីមួយ ក្នុងពេលដែលការវាយឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសគាំទ្រលោកខាងលិចមួយនេះបានឈានចូលដល់ថ្ងៃទី៥។

គួរបញ្ជាក់ថា ប្រទេសដែលចង់ចូលជាសមាជិកសហភាពអឺរ៉ុប ជាធម្មតាតែងត្រូវឆ្លងកាត់ដំណើរការដ៏វែងឆ្ងាយនិងស្មុគស្មាញដោយត្រូវបានទាមទារឲ្យធ្វើកំណង់ទម្រង់សំខាន់ៗដើម្បីត្រូវតាមស្តង់ដាររបស់ប្លុកនេះ។ 

ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន កាលពីថ្ងៃអាទិត្យបានផ្តល់ក្តីសង្ឃឹមដល់អ៊ុយក្រែនក្នុងការដែលអាចចូលជាសមាជិកសហភាពអឺរ៉ុបបានឆាប់រហ័ស។

អ្នកស្រីបានប្រាប់សារព័ត៌មាន Euronews នៅក្នុងបទសម្ភាសន៍មួយថា “អ៊ុយក្រែនគឺប្រទេសមួយក្នុងចំណោមពួកយើង ហើយយើងចង់បានអ៊ុយក្រែនមកចូលរួមជាមួយយើង”។ក៏ប៉ុន្តែមួយថ្ងៃបន្ទាប់មក អ្នកនាំពាក្យរបស់អ្នកស្រីប្រធានគណៈកម្មការអឺរ៉ុបបានប្រាប់អ្នកកាសែតថាអ្នកស្រីចង់មានន័យថាអ៊ុយក្រែនគឺជាប្រទេសអឺរ៉ុបមួយ ហើយចង់ឲ្យអ៊ុយក្រែនចូលរួមជាមួយគឺជាពាក្យមានន័យសំដៅដល់អឺរ៉ុបជាទូទៅ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ