ទូរទស្សន៍ CNN នឹងបញ្ឈប់ការផ្សាយនៅរុស្ស៊ីក្រោយដាក់ច្បាប់ថ្មី អាចដាក់គុកអ្នកផ្សព្វផ្សាយព័ត៌មាន"ក្លែងក្លាយ"ប្រឆាំងរុស្ស៊ី
អ៊ឺរ៉ុប៖បណ្តាញព័ត៌មានបាននិយាយកាលពីថ្ងៃសុក្រថា ទូរទស្សន៍ CNN នឹងបញ្ឈប់ការផ្សាយនៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីនៅទីនោះ ដែលអាចដាក់គុកនរណាម្នាក់ដែលមានចេតនាផ្សព្វផ្សាយព័ត៌មាន "ក្លែងក្លាយ" ។
ជាមួយគ្នានេះ មន្ត្រីរុស្ស៊ីបាននិយាយថា ព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយដោយសត្រូវរបស់រុស្ស៊ី ដូចជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងលិចរបស់ខ្លួន ក្នុងការប៉ុនប៉ងដើម្បីសាបព្រួសជម្លោះក្នុងចំណោមប្រជាជនរុស្ស៊ី។
សមាជិកសភាបានអនុម័តវិសោធនកម្មក្រមព្រហ្មទណ្ឌដែលធ្វើឱ្យការផ្សព្វផ្សាយព័ត៌មាន "ក្លែងក្លាយ" ជាបទល្មើសដែលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ឬជាប់ពន្ធនាគារ។ ពួកគេក៏បានដាក់ពិន័យចំពោះអ្នកណាដែលអំពាវនាវឲ្យមានទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបន្ទាប់ពីការឈ្លានពានអ៊ុយក្រែន។
គួរបញ្ជាក់ថា ស្ថាប័នសារព័ត៌មានដែលផ្អាកការផ្សាយរបស់ខ្លួននៅរុស្សីមិនមែនតែCNNនោះទេ នៅមាន BBC និង Canadian Broadcasting Corp ក៏បានផ្អាកការរាយការណ៍ពីប្រទេសរុស្ស៊ីផងដែរ បន្ទាប់ពីអនុម័តច្បាប់នេះផងដែរ៕NR