កប៉ាល់ដឹករថយន្តទំនើបរាប់ពាន់គ្រឿង ត្រូវបានឆេះហើយរសាត់ចេញពីឆ្នេរសមុទ្រនៃ Azores ខណៈ នាវិក ២២ នាក់ត្រូវបានជួយសង្គ្រោះ
អាល្លឺម៉ង់ ៖កប៉ាល់ដឹកទំនិញដ៏ធំមួយ ដែលដឹកជញ្ជូនរថយន្តប្រណីតប្រហែល ៤000 គ្រឿងបានឆាបឆេះ ខណៈនាវានេះកំពុងធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The New York Time ។
អគ្គីភ័យបានឆាបឆេះនៅព្រឹកថ្ងៃពុធ នៅក្នុងបន្ទប់ផ្ទុកទំនិញរបស់កប៉ាល់ ដែលមានឈ្មោះថា Felicity Ace នាវានេះបានចាកចេញពីទីក្រុង Emden ប្រទេសអាល្លឺម៉ង់ទៅកាន់ សហរដ្ឋអាមេរិក ។សេចក្តីថ្លែងការណ៍បាននិយាយថា " សមាជិកនាវិក ២២ នាក់នៃកប៉ាល់ពាណិជ្ជកម្ម Felicity Ace ត្រូវបានជួយសង្រ្គោះ ពេលនេះពួកគេមានសុវត្ថិភាព និងមានសុខភាពល្អ" ។
សារព័ត៌មាន Associated Press បានបញ្ជាក់ថា កប៉ាល់ដឹកទំនិញកំពុងដឹកជញ្ជូនយានជំនិះពីក្រុមហ៊ុន Volkswagen Group ដែលមានម៉ាករថយន្តប្រណីតមួយចំនួនដូចជា Porsche១១០០គ្រឿង , Audi, Lamborghini, Bentley១៨៩, Bugatti និង Volkswagen ។ ចំពោះតម្លៃនៃការខូចខាត ត្រូវបានគេប៉ាន់ប្រមាណថាអាច លើសពី ៤៥ លានដុល្លារអូស្ត្រាលី។
ទោះបីជាគេមិនដឹងថា តើទំនិញរបស់កប៉ាល់នេះត្រូវបំផ្លាញក្នុងភ្លើងឆេះប៉ុណ្ណាក៏ដោយ ក៏ក្រុមហ៊ុនរថយន្តបានទាក់ទងអតិថិជនដែលកំពុងរង់ចាំរថយន្តរបស់ខ្លួននៅអាមេរិកអំពីឧបទ្ទវហេតុនេះ និងធ្វើការសុំទោសចំពោះភាពយឺតយ៉ាវ៕SP