សហរដ្ឋអាមេរិកព្រមានថារុស្ស៊ីនៅតែប៉ុនប៉ងធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខ បើទោះបីពេលនេះរុស្សី បដិសេដក៏ដោយ
អាមេរិក៖ ប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋមន្ត្រីការបរទេស Antony Blinken បានព្រមានថា រុស្ស៊ីនៅតែឈ្លានពានអ៊ុយក្រែន នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeeraចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោក ចូ បៃដិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅសេតវិមានទីក្រុងវ៉ាស៊ីនតោន យ៉ាងដូច្នេះថា មានហានិភ័យ "ខ្ពស់ណាស់" នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ។«យើងមានហេតុផលក្នុងការជឿថា ពួកគេបានចូលរួមក្នុងប្រតិបត្តិការ បង្កើតទង់ក្លែងក្លាយមួយធ្វើជាលេសក្នុងការវាយលុក។ រាល់ភស្តុតាងដែលយើងមាន គឺពួកគេបានរៀបចំវារួចជាស្រេច ដើម្បីធ្វើដំណើរចូល និងវាយប្រហារអ៊ុយក្រែន។
លោក Biden បានបន្តថា "អារម្មណ៍របស់ខ្ញុំប្រាប់ខ្ញុំថារឿងនេះនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ" ។ប្រធានាធិបតីក៏បាននិយាយផងដែរថា លោកមិនមានគម្រោងនិយាយជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ម្តងទៀតទេ ។
លោកលើកឡើងបែបនេះ ចំពេលមានសេចក្តីរាយការណ៍អំពីការបាញ់ផ្លោងនៅភាគខាងកើតអ៊ុយក្រែន លោក Biden បាននិយាយអំពីប្រទេសរុស្ស៊ីថា "រុស្សី កំពុងប្រតិបត្តិការប្រើប្រាស់ទង់ជាតិក្លែងក្លាយ ដើម្បីមានលេសដើម្បីចូលទៅវាយអ៊ុយក្រែន" ។
មិនខុសពីលោក Joe Biden អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ក៏បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីអាចនឹងកំពុងព្យាយាម "បង្កើតលេស" សម្រាប់ការវាយប្រហារលើអ៊ុយក្រែន បន្ទាប់ពីបង្ហាញអំពីភាពត្រឹមត្រូវ ក្នុងការឈ្លានហើយនោះ ក្រុមឧទ្ទាមគាំទ្រដោយទីក្រុងម៉ូស្គូ បានបាញ់បោះដាក់គ្នាមួយប្រាវ នៅភាគខាងកើតអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងគាំទ្ររុស្ស៊ីបានបាញ់ផ្លោងទៅកាន់សាលាមត្តេយ្យមួយ ក្នុងគោលដៅដើម្បី ការបង្កហេតុ។
ដោយឡែក វិមានក្រឹមឡាំងវិញបាននិយាយថា ទីក្រុងមូស្គូមាន "ការព្រួយបារម្ភជាខ្លាំង" អំពីរបាយការណ៍ដែលបានផ្សព្វផ្សាយ ដែលថាកងកម្លាំងរដ្ឋាភិបាលរុស្សីបានបើកការបាញ់ប្រហារលើទឹកដីអ៊ុយក្រែន រយៈពេល 24 ម៉ោងកន្លងមកនេះ៕SP